Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលចំនួន៦

បានផុស

នៅ

អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលោក គង់ ភោគ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកានេះ ប្រធានអាស៊ាន​សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលចំនួន៦ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, កិច្ចប្រជុំកំពូល​អាស៊ានឥណ្ឌាលើកទី១៩ ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា, កិច្ចប្រជុំកំពូល​អាស៊ានសហរដ្ឋអាមេរិកលើកទី១០, កិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន កាណាដា, កិច្ចប្រជុំកំពូល​អាស៊ាន​អូស្រ្តាលីលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន ក្រៅតែពីកិច្ចប្រជុំនេះទៅ នៅពេលរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ព្រមទាំងគណៈប្រតិភូជួបជុំគ្នាប្រារព្ធពិធីជប់លៀង។ ពិធីជប់លៀងនេះ មេដឹកនាំពាក់ព័ន្ធទាំងអស់នឹងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណី ដែលកាត់ជូនដោយកម្ពុជា។

ក្រៅតែពីកម្មវិធីដែលបានរៀបរាប់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក និងឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។

សូមបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា។

ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ចរៀប​ចំកិច្ចប្រជុំនានា បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​របស់អាស៊ាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម