ព័ត៌មានជាតិ
តើអ្នកតាមដានយល់យ៉ាងណា នៅពេលលោក Joe Biden ដើរទៅជួបមនុស្សមួយក្រុមមុនឡើងរថយន្តនោះ?
លោក Joe Biden ប្រធានាធិបតីអាមេរិក ដូចការគ្រោងទុក នៅវេលាម៉ោង ៨ និង ២០ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

ពេលមកដល់ប្រទេសកម្ពុជាភ្លាម, លោក Joe Biden ប្រធានាធិបតីអាមេរិក មិនបានចូលរថយន្តភ្លាមៗនោះទេ ដោយដើរទៅកាន់ក្រុមមនុស្សមួយក្រុម ដែលកំពុងឈររង់ចាំលោកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និងមានការជជែកគ្នាមួយចំនួនដែរ មុនពេលឡើងរថយន្ត។

អ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ យល់ឃើញថា ការមកដល់របស់រាជធានីភ្នំពេញលោក Joe Biden ប្រធានាធិបតីអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដោយសុវត្ថិភាព និងក្ដីសោមន្សរីករាយនាពេលនេះ គឺជាជោគជ័យក្នុងជំហានធំបំផុតរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ ២០២២នេះ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា លោក Joe Biden ប្រធានាធិបតីអាមេរិក អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ព្រមទាំងមានជំនួបពិភាក្សាមួយចំនួនទៀតនោះ គឺជាជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងជោគជ័យក្នុងមួយជំហានធំបំផុត។

ជោគជ័យក្នុងជំហានធំបំផុត ពីព្រោះប្រធានាធិបតីអាមេរិក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ ដោយសុវត្ថិភាព និងក្ដីសោមន្សរីករាយ ដោយនៅពេលលោកបានចុះពីលើយន្តហោះ គឺត្រូវឡើងជិះរថយន្តភ្លាមៗ តែបែរជាលោកដើរដោយថ្មើរជើងទៅជួបក្រុមមនុស្ស ដែលនៅក្បែរនោះពោលគឺនៅក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
នៅពេលជជែកគ្នាជាមួយក្រុមមនុស្សទាំងនោះ លោក Joe Biden បានបង្ហាញទឹកមុខរីករាយ។ ដូច្នេះប្រាកដណាស់ថា ប្រធានាធិបតីអាមេរិករូបនេះ មានអារម្មណ៍សុវត្ថិភាព និងអារម្មណ៍រីករាយ ដែលនេះជាជោគជ័យបញ្ជាក់ទៅកាន់ពិភពលោកថា «កម្ពុជាពិតជាមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់សន្តិសុខល្អ»។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត យង់ ពៅ។
លោកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកទីពីរហើយ ដែលបានអញ្ជើញមករាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បន្ទាប់ពីលោក Barack Obama បានអញ្ជើញមកប្រទេសកម្ពុជា កាលពីឆ្នាំ ២០១២ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក ដែលកាលណោះធ្វើឡើងនៅវិមានសន្តិភាព។
លោកបណ្ឌិត យង់ ពៅ លើកឡើងទៀតថា «ហើយឥឡូវនេះ គឺលោក Joe Biden គឺជាប្រធានាធិបតីអាមេរិកទីពីរហើយ ចឹងបានបញ្ជាក់ច្បាស់សាជាថ្មី ខ្ញុំសូមបញ្ជាក់សាជាថ្មី នេះគឺជាជោគជ័យធំបំផុតរបស់កម្ពុជា ហើយជាមុខមាត់សំខាន់ណាស់របស់ប្រទេសកម្ពុជា បង្ហាញទៅពិភពលោក ពីព្រោះយើងដឹងហើយថា ប្រធានាធិបតីអាមេរិក ត្រូវបានគេគិតថា ជាឥស្សរជននយោបាយកំពូល ដែលការពារសុវត្ថិភាពខ្លាំងបំផុត គេប្រយ័ត្នប្រយែងបំផុត ហើយមកដល់ស្រុកយើង មកដល់ប្រទេសយើង រាជធានីភ្នំពេញរបស់យើង ដោយសុវត្ថិភាព ហើយដោយក្ដីរីករាយ នេះជាអ្វីដែលជោគជ័យធំបំផុតរបស់យើង»។
ជារួមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានវាយតម្លៃខ្ពស់ទៅលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព ជូនគណៈប្រតិភូទាំងអស់។ លោកថា នេះជាមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា បង្ហាញទៅពិភពលោកថា កម្ពុជា មិនមែនជាកម្ពុជា ដែលគួរឲ្យខ្លាចដូចទសវត្សមុនៗនោះទេ ដោយកម្ពុជាក្នុងទសវត្សនេះ គឺស្ថិតក្នុងសុខសន្តិភាព វិបុលភាព និងមេត្រីភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ