ព័ត៌មានជាតិ
ក្រោយកិច្ចប្រជុំកំពូលអាស៊ាន ២ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20នៅឥណ្ឌូណេស៊ី
ក្រោយកិច្ចប្រជុំកំពូលអាស៊ាន ២ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដំណើរ ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិ បាលផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

កិច្ចប្រជុំកំពូល G20
តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្ដារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ» សម្ដេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី ១ ស្តីពី សន្តិសុខស្បៀង និង ថាមពល និងសម័យប្រជុំទី ២ ស្តីពី បញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់ នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។
ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយលោកប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួន ផងដែរ។
ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាពសំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅ រកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើក កិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹង ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី ២ ស្តីពី “ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។
បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សា ស្តីពី ការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការ រវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ ២០២២ «ការបើកចំហរ ការ តភ្ជាប់ និងតុល្យភាព»។
អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្ល ចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្តេចព្រះមហាក្សតី ស៊ុធីតា ផាត់ឆរៈស៊ីថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោកប្រធានាធិបតីបារាំង Emmanuel MACRON នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ផងដែរ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព