ព័ត៌មានជាតិ
សម្ពោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម
កាលពីចុងសប្ដាហ៍រសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងសម្ពោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។

លោក JAGDEEP DHANKHAR គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង ១៥ រសៀល តាមរយៈយន្តហោះពិសេសផ្ទាល់ខ្លួន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។

នៅក្នុងពិធីសម្ពោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម លោក JAGDEEP DHANKHAR និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក យុន លីណណេ អភិបាលរងខេត្តតំណាងលោក ទៀ សីហា និងលោក សួស សុខចាន់ តំណាងលោក អ៊ាន ឃុន។

បន្ទាប់មកលោក JAGDEEP DHANKHAR និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងបាននិវត្តទៅកាន់មាតុប្រទេសវិញនៅវេលាម៉ោង ១៧ និង ៤៥ នាទីល្ងាច នាថ្ងៃដដែល តាមរយៈយន្តហោះពិសេសរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា សាលរបាំដែលស្ថិតក្នុងប្រាសាទតាព្រហ្ម បានជួសជុលដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា មានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលសាលរបាំនេះ ស្ថិតក្នុងដំណាក់កាលទី ២ ដែលត្រូវជួសជុលដំបូលកណ្ដាល។
លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានរៀបរាប់ពីការងារជួសជុលថា ការជួសជុលនេះ ស្ថិតក្នុងគម្រោងដំណាក់កាលទី ២ ដែលចាប់ផ្ដើមនៅឆ្នាំ ២០១៧។

សាលរបាំ ត្រូវបានជួសជុលក្នុងដំណាក់កាលទី ១ នៅឆ្នាំ ២០១០ អ្នកជំនាញបានប្រើពេលជាង ២ ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្ដើមការងារជួសជុលនៅចុងឆ្នាំ ២០១២។
លោកបន្ថែមទៀតថា ក្នុងការងារជួសជុលដំណាក់កាលទី ១ គឺចាប់ផ្ដើមពីជ្រុងខាងជើង ជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ ២០១៤។ ឯក្នុងដំណាក់កាលទី ២ បន្តជួសជុលភ្ជាប់ទៅដំបូលកណ្ដាល ហើយការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាត តែតាមគម្រោង អ្នកជំនាញទុកផ្នែកខ្លះដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុចជួសជុល និងចំណុចគ្រាន់ជាគំនរថ្ម ពុំមានការជួសជុលនោះ។

សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ មុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ។ ដំបូល នៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។ ដោយឡែកក្រុមការងារជួសជុល បានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។
គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨ នាក់ ដោយក្នុងនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជូនកម្មករ ២៥ នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ