ព័ត៌មានជាតិ
កម្ពុជា នឹងបណ្តុះបណ្តាលធនធានមនុស្សកម្រិតពិភពលោក ក្នុងបរិបទឧស្សាហកម្ម ៤.០
ការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។

មជ្ឈមណ្ឌល CJDM ត្រូវបានគាំទ្រ និងផ្តល់ជំនួយដោយភាគីជប៉ុន ។ CJDM នឹងដាក់សម្ពោធជាផ្លូវការនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌល CJDM មានបំណងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មឌីជីថល សម្រាប់បំពេញតម្រូវការលើវិស័យនេះ នាពេលអនាគត ដែលនឹងជំរុញឱ្យកម្ពុជា ជាប្រទេសរីកចម្រើនខាងឧស្សាកម្ម និងកម្មន្តសាល។

លោកបន្តថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ នឹងទាក់ទាញបានក្រុមហ៊ុនមកវិនិយោគ លើវិស័យឧស្សាហកម្ម៤.០ នៅកម្ពុជាបន្ថែមទៀត នាពេលខាងមុខ ដោយសារតែកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងវិស័យនេះ។
បើតាមលោកបណ្ឌិត «ការបង្កើតមជ្ឈមណ្ឌល CJDM គឺដើម្បីបង្ហាញថា ពីខ្មែរដើម្បីខ្មែរ ខ្មែរអាចធ្វើបាន»។
ឆ្នាំ២០២៣ គឺជាឆ្នាំដំបូង ដែលកម្ពុជា នឹងបញ្ជូនគ្រូចំនួន៣រូប ទៅរៀន និងហ្វឹកហាត់ការងារនៅប្រទេសជប៉ុន ដើម្បីឱ្យពួកគេមានសមត្ថភាព មកបណ្តុះបណ្តាលនិស្សិតនៅកម្ពុជាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោក Jun Arii នាយកក្រុមហ៊ុន DMG MORI Thailand។
មជ្ឈមណ្ឌល CJDM នឹងបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រើសមាសធាតុលោហធាតុផ្សេងៗ តាមបច្ចេកវិទ្យាឌីជីថលផលិតជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។
ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន DMG MORI ប្រចាំអាស៊ី លោក Satoshi Hashimoto បានថ្លែងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ មជ្ឈមណ្ឌល CJDM នឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។បើតាមលោក Satoshi Hashimoto មជ្ឈមណ្ឌលនេះ នឹងបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់ នៅក្នុងបរិបទនៃគម្រោងឧស្សាហកម្ម ៤.០ ។ វិស្វករជំនាញនឹងកាន់តែមានតម្រូវការ សម្រាប់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបន្តថា «វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដែលមានធនធានមនុស្ស មានជំនាញផលិតកម្រិតពិភពលោក ដោយនៅពេលអនាគតនឹងមានវិនិយោគិនកាន់តែច្រើន ចូលមកកាន់កម្ពុជា ដែលក្នុងនោះក៏មានវិនិយោគគិនជប៉ុនផងដែរ»។
សូមបញ្ជាក់ថា កម្ពុជា ទើបនាំចូលម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី រួមមាន៖ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY បាននាំចូលមកកាន់មជ្ឈមណ្ឌល CJDM ដែលមានតម្លៃសរុបប្រមាណ៥លានដុល្លារអាមេរិក។ ក្នុងចំណោមម៉ាស៊ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះ ក្នុងពិភពលោក គឺនៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។ ម៉ាស៊ីននេះ មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ