ព័ត៌មានជាតិ
តំណាងអង្គការ ILO ៖ កិច្ចសន្ទនាសង្គមត្រីភាគីជាមធ្យោបាយដ៏សំខាន់សម្រាប់កម្មករ ក្នុងការស្វែងរកយុត្តិធម៌សង្គម
លោក ទុន សោភ័ណ្ឌ មន្ត្រីសម្របសម្រួលអង្គការអន្តរជាតិខាងការងារ (ILO) បានមានប្រសាសន៍ថា កិច្ចសន្ទនាសង្គមជាលក្ខណៈត្រីភាគី គឺជាគន្លឹះ នៃបទដ្ឋានអន្តរជាតិខាងការងារដែលបង្កើតឡើងដោយអង្គការ ILO ជាមធ្យោបាយដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត អាចស្វែងរកយុត្តិធម៌សង្គមតាមរយៈធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌការងារ ក៏ដូចជាសុខដុមរមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្ដីពីនីតិវិធី នៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល កាលពីព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅសណ្ឋាគារភ្នំពេញ លោក ទុន សោភ័ណ្ឌ បានបន្តថា កិច្ចសន្ទនាសង្គមជាលក្ខណៈត្រីភាគី គឺជារង្វាស់មួយ នៃអភិបាលកិច្ចល្អ ពិសេសក្នុងវិស័យការងារថ្នាក់ជាតិ ហើយក៏បានលើកស្ទួយកិច្ចសហប្រតិបត្តិការដើម្បីឲ្យមានការអនុវត្តលទ្ធផលផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរជាងមុន ហើយនឹងជួយបង្កើតឲ្យមានបរិយាកាសអំណោយផលសម្រាប់ឲ្យយើងសម្រេចបាននូវការងារសមរម្យ។
លោកបានបន្តទៀតថា ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ គឺជាគោលដៅសំខាន់មួយ នៃកម្មវិធីសមរម្យសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយវាផ្សារភ្ជាប់គ្នារវាងកិច្ចសន្ទនាសង្គម និងសិទ្ធិការងារផងដែរ។
លោកបានបន្ថែមទៀតថា ការប្ដេជ្ញាចិត្តក្រោមបទដ្ឋានអន្តរជាតិខាងការងារពិសេសសម្រាប់ប្រទេសកម្ពុជាយើងដែលជាប្រទេសដំបូងគេមួយក្នុងតំបន់អាស៊ីដែលបានផ្តល់សច្ចាប័នអនុសញ្ញាស្នូលទាំង ៨ របស់អង្គការ ILO ក្នុងនោះរួមមាន អនុសញ្ញាលេខ ៨៧ ដែលការពារសិទ្ធិរៀបចំចងក្រងដល់កម្មករនិយោជិត និងនិយោជក និងអនុសញ្ញាលេខ ៩៨ ដែលទាមទារឲ្យមានការប្រើដោយស្ម័គ្រចិត្តនូវការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ជាមធ្យោបាយមួយក្នុងការកែលម្អលក្ខខណ្ឌ និងមុខរបរការងារ។
លោក ទុន សោភ័ណ្ឌ បានបញ្ជាក់ថា អង្គការ ILO ផ្តល់នូវជំនួយការពិគ្រោះយោបល់ផ្នែកបច្ចេកទេស ពិសេសលើនីតិវិធី នៃការដោះស្រាយវិវាទ ក៏ដូចជាគាំទ្រដល់ដំណើរការ នៃការពិគ្រោះយោបល់ និងការទទួលបានវិញនូវព័ត៌មាន ឬមតិត្រឡប់ក្នុងសិក្ខាសាលានេះ ហើយផ្តល់មតិយោបល់ស្របទៅតាមអនុសញ្ញានានាដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងលិខិតតូបករណ៍ដទៃទៀតពាក់ព័ន្ធនឹងវិស័យការងារ។
លោក ទុន សោភ័ណ្ឌ សង្ឃឹមថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកាដ៏មានប្រសិទ្ធភាពមួយសម្រាប់ឲ្យមានការចូលរួមយ៉ាងសកម្ម ពិសេសពីដៃគូសង្គម និងទទួលបាននីតិវិធីមួយគ្រប់ជ្រុងជ្រោយសម្រាប់ដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕
អត្ថបទ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់