Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ជំរុញក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមប្រកបដោយតម្លាភាព និងយុត្តិធម៌

បានផុស

នៅ

លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវដោះស្រាយវិវាទបុគ្គលនិងវិវាទការងាររួម ឈរលើគោលការណ៍តម្លាភាពនិងយុត្តិធម៌ពោល គឺធ្វើយ៉ាងណាឱ្យគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅព្រឹកថ្ងៃទី១៥វិច្ឆិកានៅសណ្ឋាគារភ្នំពេញ លោក បណ្ឌិត អ៊ិតសំហេង បានមានប្រសាសន៍ថា «ជាធម្មតានៅពេលមានវិវាទកើតឡើងមិនមានភាគីណាមួយថាខ្លួនឯងខុសទេគឺសុទ្ធតែរកត្រូវរៀងៗខ្លួនហើយពេលដោះស្រាយបញ្ចប់អ្នកឈ្នះតែងតែថាយុត្តិធម៌រីឯអ្នកចាញ់ថាអយុត្តិធម៌។អានេះជារឿងធម្មជាតិតែយ៉ាងណាយើងត្រូវធ្វើឱ្យភាគច្រើនអាចទទួលយកបានហើយកន្លងមកក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានដោះស្រាយដោយមាន៧០ភាគរយគ្រប់ភាគីអាចទទួលយកបានគឺល្អហើយនិងក្រសួងការងារកាត់សេចក្តី៥០ទៅ៦០ទទួលយកបានក៏ល្អដែរ»។

លោករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបង្កើនយន្តការដោះស្រាយជាបន្តទៀត ព្រោះថាបើឱ្យរកយុត្តិធម៌១០០ភាគរយមិនអាចរកបានទេសូម្បីតែព្រះក៏មិនអាចធ្វើបានដែរ។ដូចនេះវិស័យការងារក៏កុំសង្ឃឹមថា បាន ១០០​ភាគរយដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា« អ្វីដែលយើងធ្វើថ្ងៃនេះគឺយកសៃវៀនសង្គម យកការចចារជាសមូលហភាពឬការចចារត្រីភាគីបូករបស់យើងនេះគឺជាយន្តការសំខាន់ក្នុងការរៀបចំនូវក្របខណ្ឌគតិយុត្តក៏ដូចជាគោលនយោបាយនានាដើម្បីធានាថាបើទោះបីជាក្រសួងចេញសេចក្តីប្រកាសហើយនៅពេលនោះប្រកាសនោះទាំងអស់គ្នាអាចទទួលយកបាននិងចូលរួមអនុវត្តទាំងអស់គ្នា។អីចឹងទេខ្ញុំសង្ឃឹមថាបញ្ហាវិវាទបុគ្គលត្រូវបានដោះស្រាយដោយយន្តការកាន់តែមានប្រសិទ្ធភាព»។

លោករដ្ឋមន្ត្រីបានរំលឹកថា«កាលពី១០ឆ្នាំមុនយើងមិនស្រមៃថាយើងអាចអង្គុយស្រងំស្ងៀមទេព្រោះថាថ្ងៃណាក៏មានបាតុកម្ម៣ទៅ៥រោងចក្រដែរហើយនិយោជកនិងសហជីពមានកង្វល់ក្នុងការដោះស្រាយបញ្ហារៀងៗខ្លួនដៃគូពាក់ព័ន្ធនានាក៏បានស្នើសុំមកក្រសួងការងារជាបន្តបន្ទាប់។អីចឹងហើយបានជានៅឆ្នាំ២០១៣ពេលដែលខ្ញុំមកកាន់ជារដ្ឋមន្ត្រីក្រសួងការងារនេះបានកំណត់យកនូវយុទ្ធសាស្ត្រអាទិភាពទី១គឺសុខុដុមរមណីយកម្មទំនាក់ទំនាក់វិជ្ជាជីវៈ។១០ឆ្នាំមកនេះបញ្ហាទាំងនេះត្រូវបានឆ្លើយតបនិងដោះស្រាយកង្វល់នេះជាបណ្តើរៗរហូតមកដល់ឥឡូវនេះ»។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបន្ថែមថាវាមិនមានន័យថាយើងអាចបញ្ចប់វិវាទបានទាំងអស់នោះទេព្រោះថាវិវាទការងារមិនអាចបញ្ចប់បាននិងធ្វើឱ្យសូន្យនោះទេប៉ុន្តែសំខាន់គឺពេលវាកើតត្រូវមានយន្តការដោះស្រាយនិងឆ្លើយតបដោយយុត្តិធម៌ដល់គ្រប់ភាគីវិវាទទទួលយកបានទាំងអស់គ្នា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា« ឥឡូវយើងបានបោះជំហានមួយជំហានទៀតចេញពីវិវាទរួមមកដោះស្រាយវិវាទបុគ្គលដែលបញ្ហានេះបន្ថែមភារកិច្ចទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយការចូលរួមរបស់យើងទាំងអស់គ្នានឹងជួយផ្តល់យុត្តិធម៌ដល់ពិភពលការងាររបស់យើងជូនដល់កម្មករនិយោជិតនិងនិយោជកក្នុងវិវាទនានាកើតឡើង»។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាការរៀបចំសិក្ខាសាលានេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គម សំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញ ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារពិសេសដើម្បីបង្ហាញនូវចំណុចស្នូលលើនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យបាននូវនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងភាពជឿទុកចិត្តបានពីគូភាគីវិវាទ សំដៅបន្តធានានូវគុណតម្លៃទាំង៣ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។

លោកបណ្ឌិត អ៊ិត សំហេង លើកឡើងថា ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាក្នុងន័យនេះ ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនិងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០%នូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ។

នៅក្នុងសិក្ខាសាលានេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំនូវចំណុចមួយចំនួនសម្រាប់គ្រប់ភាគីធ្វើការពិនិត្យ ពិចារណា និងលើកយោបល់ ក៏ដូចជាសំណើដំណោះស្រាយ រួមមាននីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលដូចជា ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភស្តុតាងនិង ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញារួមមានកត្តាធនធានមនុស្ស, កត្តាសម្ភារៈ និងកត្តាហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម