ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃជាង ១៦០០ លានដុល្លារ គ្រោងចំណាយពេលសាងសង់ជាង ៤ ឆ្នាំ
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានតម្លៃជាង ១៦០០ លានដុល្លារអាមេរិក ប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងនឹងចំណាយពេលសាងសង់ឲ្យរួចរាល់រយៈពេលជាង ៤ ឆ្នាំ គឺចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការជំរុញការងារសិក្សាសមិទ្ធិលទ្ធភាព និងការព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៧ ខណៈបច្ចុប្បន្នឈានទៅរកការចុះកិច្ចសន្យាតាមការគ្រោងទុកនាពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងបន្តថា គម្រោងផ្លូវល្បឿនលឿនទី ២ នេះ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានវិនិយោគមួយទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន នាពេលខាងមុខ មុនពេលការបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនពីព្រំដែនកម្ពុជា-វៀតណាម ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលនាំមកនូវការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង ការធ្វើដំណើរកាន់តែលឿន និងមានសុវត្ថិភាព និងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បើតាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ នឹងបញ្ចប់ដំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នាត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្ដង។
តាមការសិក្សាលើសមិទ្ធិលទ្ធភាព នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង គឺមានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ក្នុងគម្រោងចំណាយសរុប ១.៦៣៨ លានដុល្លារអាមេរិក៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?