ព័ត៌មានជាតិ
កម្ពុជា បញ្ជូនពលករជំនាញ និងកម្មសិក្សាការី ២ ម៉ឺននាក់ ទៅធ្វើការ និងសិក្សានៅជប៉ុន ១០ ខែ
កម្ពុជា បញ្ជូនពលករជំនាញ និងកម្មសិក្សាការីប្រមាណ ២ ម៉ឺននាក់ ទៅធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ដែលបានចូលរួមលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនថែមទៀត។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ វិច្ឆិកានេះថា កម្ពុជា ទើបចាប់ផ្ដើមបញ្ជូនពលករជំនាញ និងកម្មសិក្សាការី ទៅធ្វើការនៅប្រទេសជប៉ុន នាខែមីនា ឆ្នាំ ២០២២ នេះទេ ដោយសារប្រទេសជប៉ុន បានបិទព្រំដែន ដែលបណ្ដាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល ១០ ខែនេះ យើងបានបញ្ជូនពលករ និងកម្មសិក្សាការីទៅប្រទេសជប៉ុន ប្រមាណ ២ ម៉ឺននាក់។ ក្នុង ១ ខែៗ យើងអាចបញ្ជូនពលករ និងកម្មសិក្សាការីប្រមាណពី ៣០០០ ទៅ ៤០០០ នាក់ ទៅសិក្សា និងធ្វើការនៅជប៉ុនបានទៀងទាត់ឡើងវិញ។

លោកបានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុន ភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានមិនច្រើនទេ ដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

លោកបានបន្ថែមថា ចំពោះនីតិវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជូនពលករខ្មែរទៅប្រទេសជប៉ុន មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ ដោយសារ កម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងប្រទេសមានហានិភ័យទាបកម្រិតលេខ ១។ ពោលគឺ ប្រទេសដែលមានឆ្លងជំងឺកូវីដតិចតួច ឬមិនមានឆ្លង ហើយក៏មិនកំណត់ប្រភេទវ៉ាក់សាំងដែរ ទោះពលករចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាហ្សេនេកា ភីហ្វាយហ្សឺ ក៏អាចចូលទៅក្នុងប្រទេសជប៉ុនបានដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១ លាន ៣ សែននាក់ ធ្វើការនៅក្រៅប្រទេស។ ក្នុងនោះនៅថៃមានច្រើនជាងគេ រហូតដល់ទៅ ១,២២ លាននាក់ , កូរ៉េខាងត្បូងជាង ៤៥០០០ នាក់ , ម៉ាឡេស៊ី ២៣០២៧ នាក់ , ជប៉ុន ១១៤៥៣ នាក់ , សិង្ហបុរី ៨២១ នាក់ , ចិនហុងកុង ២០២ នាក់ , និងអារ៉ាប៊ីសាអូឌីត ៤៣ នាក់ ដោយក្នុង ១ ឆ្នាំៗ បានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ៣ ពាន់លានដុល្លារផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?