Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​មីន អបអរសាទរ​ខួប ៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ១៩៩២ – ២០២២

បានផុស

នៅ

រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និបាតជាតិ​ខួប​៣០​ឆ្នាំ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ក្រោម​ប្រធានបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ស្នាមញញឹម​” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និបាត​នេះ មាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ក្នុង​ពិធី​បើក​សន្និបាត​នេះ ក៏​មាន​បទ​អន្តរាគមន៍​តាមរយៈ​វីដេអូ​ពី​ស្ថាប័ន​អន្តរជាតិ ព្រមទាំង​មតិយោបល់​របស់​អ្នក​បោសសម្អាត​មីន ជនរងគ្រោះ​ដោយសារ​មីន អ្នក​ទទួលផល តំណាង​វិស័យ​ឯកជន និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​។ ជាមួយគ្នានេះ ក៏មាន​ការផ្សព្វផ្សាយ​សារ​វីដេអូរ​របស់ លោក Daniel Craig (​តួ​សម្តែង James Bong 007) សម្រាប់​អបអរសាទរ​ខួប​៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ផងដែរ​។​

រយៈពេល​៣០​ឆ្នាំនេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២២ ក្នុង​បេសកកម្ម​សកម្មភាព​មីន​រួមគ្នា រាជរដ្ឋាភិបាល​កម្ពុជា ប្រទេស​ផ្តល់ជំនួយ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក ជា​ប្រទេស​ដែលមាន​ផ្ទៃដី​បោសសម្អាត​មីន​រួច​ធំជាងគេ​។

ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​រួច និង​ប្រែក្លាយជា​ដី​សុវត្ថិភាព និង​ប្រើប្រាស់ ដោយបាន​ប្រែក្លាយ ដី​មីន ទៅជា ដី​មាស​។ ប្រតិបត្តិ​ករ បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់លាន​គ្រាប់ ក្នុងនោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦.១១២ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់​។

ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ប្រជាជន​ចំនួន ៦៥.០០៤ នាក់ បាន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងនោះ​ស្លាប់បាត់​បង់ជីវិត​ចំនួន ១៩.៨១៨ នាក់​។ ជាមួយគ្នា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ចំនួន​ជនរងគ្រោះ​ប្រចាំឆ្នាំ​បាន​ថយចុះ​ពី ៤.៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ ជា​ឆ្នាំ​ដែលមាន​ចំនួន​ជង​រងគ្រោះ​ច្រើន​បំផុត មក​នៅ​៤៤​នាក់ ក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ​។

សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​ទាំងអស់​កន្លង​មក​នេះ​លើ​សកម្មភាព​មីន មិន​អាច​កាត់ផ្ដាច់​ចេញ​ពី​ជំនួយ​ដ៏​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​របស់​យើង​បានទេ​។ ក្នុងនាម​រាជរដ្ឋាភិបាល លោក​ទេសរដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ប្រទេស​ផ្ដល់​ជំនួយ ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ផ្ដល់ជំនួយ​ទាំង​បច្ចេកទេស សម្ភារៈ និង​ហិរញ្ញវត្ថុ ក្នុង​បុព្វហេតុ​នៃ​ការ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជំរុញ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការលះបង់​គ្រប់បែបយ៉ាង របស់​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ក្នុងការ​រួមចំណែក ផ្តល់​ដី​សុវត្ថិភាព​។ ជាមួយគ្នានេះ លោក​ក៏​សូម​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​ការបាត់បង់​អាយុជីវិត មាន​ពិការភាព និង​របួស​របស់​អ្នកដោះមីន​យើង ចំនួន ១៥៥ នាក់ ក្នុងនោះ បាត់បង់​អាយុជីវិត​ចំនួន ៣១ នាក់។

ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ទិវា​មច្ឆជាតិ នៅ​តំបន់​អាងទឹក​ត្រពាំង​ថ្ម ឃុំ​ប៉ោ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ការ​បោសសម្អាត​មីន មានការ​ចូលរួម​គាំទ្រ​យ៉ាង​ផុសផុល​ពី​កាក​បាទក្រហមកម្ពុជា វិស័យ​ឯកជន សប្បុរសជន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ស្រទាប់​វ​ណ្ណៈ តាមរយៈ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ក្រោម​ការដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ដោយ​អាជ្ញាធរ​មីន ដែលមាន សម្តេច​តេ​ជោ ជា​ប្រធាន​។​

​ជាមួយគ្នានេះ ក្រោម​ការដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​របស់​អាជ្ញា​ធរ​មីន មាន​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ក៏បាន​ធ្វើការ​កត់សម្គាល់​ផងដែរ ៖

• បានទទួល​ស្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា រយៈពេល​៣០​ឆ្នាំ កន្លងទៅនេះ​។​

• បានទទួល​ស្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ “​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​” ក្រោម​មូលបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន និង​សប្បុរសជន​។​

• បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ នូវ​ជំនាញ និង​បទពិសោធន៍ លើ​ការងារ​បោសសម្អាត​មីន​របស់​កម្ពុជា និង​ជំរុញ​ឲ្យ​បន្ត ចែករំលែក​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។

• បាន​គាំទ្រ និង​ទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ដូចជា កងយោធពល​ខេមរភូមិន្ទ មជ្ឈមណ្ឌល​ជាតិ​ថែរក្សា​សន្តិភាព មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា អង្គការ HALO Trust អង្គការ​MAG អង្គការ NPA អង្គការ APOPO អង្គការ​ដោះមីន​កម្ពុជា និង​ប្រតិបត្តិ​ករ​វិស័យ​ឯកជន​។​

• បានទទួល​ស្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សហគមន៍​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាននិងកំពុង​គាំទ្រ​សកម្មភាព​មីន​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន សម្ភារៈ និង​ជំនួយ​បច្ចេកទេស​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

• បានទទួល​ស្គាល់​នូវ​វិសាលភាព​នៃ​ផ្ទៃដី​ដែល​សង្ស័យថា​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​តម្រូវការ​ធនធាន និង​បន្ត​កិច្ចសហប្រតិបត្តិការ​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ តាម​ការគ្រោងទុក​។​

• បានទទួល​ស្គាល់​នូវ​ភាពចាំបាច់ និង​គាំទ្រ​លើ​ការអនុវត្ត​វិធីសាស្ត្រ​រំដោះ​ផ្ទៃដី​ឲ្យ​បាន​ពេញលេញ ជាពិសេស “​ការកាត់បន្ថយ​ផ្ទៃដី​មិន​បច្ចេកទេស​” តាម​ស្តង់ដារ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​។​

• បានទទួល​ស្គាល់ និង​គាំទ្រ​លើ​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន ឈាន​ឆ្ពោះទៅ​សម្រេចបាន​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ក្រុង ខេត្ត​អស់​មីន និង​កម្ពុជា​អស់​មីន​ឆ្នាំ​២០២៥​។​

• បាន​វាយតម្លៃ​ខ្ពស់ ដល់​ការចូលរួម​របស់​កង​ទ័ពជើងគោក​ក្នុងការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា និង​គាំទ្រ​ដល់​ការហ្វឹកហ្វឺន បំពាក់​សម្ភារៈ និង​ផ្តល់​ថវិកា សម្រាប់​កងទ័ពជើងគោក​ពង្រីក​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​បន្ថែមទៀត​។​

• បាន​គាំទ្រ​ការអនុវត្ត និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ក្នុង​វិស័យ​សកម្មភាព​មីន​ទូទាំងប្រទេស រួមមាន ការធ្វើ​បច្ចុប្បន្នភាព ការអភិវឌ្ឍ​ទៅលើ​វិធីសាស្ត្រ និង​ការប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ទំនើប ដែលមាន​ស្រាប់ និង​កើតឡើង​ថ្មីៗ​។​

• បាន​វាយតម្លៃ​ខ្ពស់ និង​ទទួលស្គាល់ នូវ​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដឹកនាំ តម្រង់ទិស សម្របសម្រួល និង​កៀរគរ​ធនធាន​បោសសម្អាត​មីន រៀបចំ​ផែនការ និង​គោលដៅ​បោសសម្អាត​ជា​អាទិភាព និង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មីន ក្នុងការ​បូកសរុប និង​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ ហិរញ្ញវត្ថុ សម្ភារៈ កម្លាំង​ប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ជូន​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​។​

• បាន​ឯកភាព គាំទ្រ និង​ជម្រុញ​ឲ្យ​អាជ្ញាធរ​មីន បន្ត​ដឹកនាំ​រៀបចំ កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ឯកសារ​គតិយុត្តិ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន និង​ស្តង់ដា​នៃ​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន ឲ្យ​ស្របតាម​ការវិវត្តន៍ និង​ភាពចាំបាច់​នៃ​ស្ថានភាព​ទូទៅ​នៃ សកម្មភាព​មីន ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ “​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥” និង​ផែនការ​សកម្មភាព​ចាំបាច់​ពាក់ព័ន្ធ​នានា​ក្រោយ​ឆ្នាំ​២០២៥​។​

​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ កម្ពុជា​នៅសល់​ផ្ទៃដី​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២០០១ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​ចំនួន ៧០៣ គីឡូម៉ែត្រ​ក្រឡា ដែល​កម្ពុជា មាន​មហិច្ឆតា​ត្រូវ​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​។ ជាមួយគ្នានេះ យើង​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផ្សេងទៀត​ផងដែរ ដែល​ក្នុងនោះ​រួមមាន​៖

• ការសម្រេចបាន​នូវ​គោលដៅ​ទាំង ៨ នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន (២០១៨-២០២៥) ដែល​ទាមទារ​ឱ្យមាន​ធនធាន​គ្រប់គ្រាន់ វិធីសាស្ត្រ​និ​បច្ចេកវិទ្យា​សមស្រប ព្រមទាំង​ការចូលរួម កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​

• ការ​រិះរក និង​ការអនុវត្ត​វិធី​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​កៀរគរ​ធនធាន ក្នុងអំឡុងពេល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល​

• ការប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ ការកំណត់​អា​ទី​ភាព និង​ការសម្របសម្រួល​ការធ្វើ​របាយការណ៍​

• ធានាថា​ប្រតិបត្តិ​ករ និង​អ្នកជំនាញ​ត្រូវបាន​ទទួលស្គាល់​ត្រឹមត្រូវ ហើយ​ស្តង់ដារ​របស់​ពួកគេ​ស្របទៅនឹង​ស្តង់ដារ​ជាតិ​

• ការអនុវត្ត​វិធីសាស្ត្រ​រំដោះ​ផ្ទៃដី ជាពិសេស​ការអនុវត្ត​ការស្រាវជ្រាវ​មិន​បច្ចេកទេស និង​ការស្រាវជ្រាវ​បច្ចេកទេស​

• ធានាថា​គម្រោង​សកម្មភាព​មីន​ទាំងអស់​ដែល​ផ្តួចផ្តើម​ដោយ​ក្រសួង អង្គការ​ជាតិ​និង​អន្តរជាតិ ត្រូវ​ឆ្លងកាត់​ការប្រឹក្សា​យោបល់​ជាមួយ​អាជ្ញាធរ​មីន ហើយ​មានតែ​ប្រតិបត្តិ​ករ​និង​អ្នកជំនាញ​ដែលមាន​ការទទួលស្គាល់​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ជ្រើសរើស ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ប្រតិបត្តិ​ករ​ដែល​បញ្ជូនទៅ​បរទេស ដោយ​លើកលែងតែ​កងកម្លាំង​រក្សា​សន្តិភាព​

• បង្កើត​ការរៀបចំ​ការងារ​ជា​លក្ខណៈ​ស្ថាប័ន​ដែល​មាន​ភាពចុះ​សម្រុង​គ្នា​រវាង​គ្រប់ភាគី ដើម្បី​បំពេញតម្រូវការ​នាពេល​អនាគត​បន្ទាប់ពី​ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម