Connect with us

ព័ត៌មានជាតិ

តើអភិបាលរងខេត្តកណ្ដាលទាំង ១០រូប ទទួលបន្ទុកការងារខុសគ្នាដូចម្តេច?

បានផុស

នៅ

ផ្អែកលើវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំនួនគណៈអភិបាលរាជធានី-ខេត្ត កើនឡើងចំនួន ១១រូប និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន ៧រូប។ ចំពោះខេត្តកណ្តាល ដើម្បីធានាឲ្យការបំពេញតួនាទី ភារកិច្ច ប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តនេះ បានកំណត់នូវការបែងចែកតួនាទី និងភារកិច្ចដល់គណៈអភិបាលខេត្តទាំង ១១រូប ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទទួលបន្ទុកដឹកនាំការងាររួម និងដឹកនាំផ្ទាល់លើការងាររដ្ឋបាលទូទៅ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងធនធានមនុស្ស កិច្ចការតុលាការ កិច្ចការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការ ការងារអភិវឌ្ឍន៍ និងការចុះបញ្ជីដីរដ្ឋ។

២/ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការមុខងារសាធារណៈ រតនាគារ ពន្ធដារ កិច្ចការលទ្ធកម្មសាធារណៈ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកកៀនស្វាយ និងស្រុកលើកដែក។

៣/ លោកស្រី ហ៊ុន កូសនី អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការនារី និងកុមារ កិច្ចការវប្បធម៌ ការអភិរក្សឧទ្យានជាតិ និងកិច្ចការទេសចរណ៍ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលក្រុងតាខ្មៅ។

៤/ លោក តាំង ម៉េងលាន អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការនគរូបនីយកម្ម សំណង់ សុរិយោដី កិច្ចការធនធានទឹក ឧតុនិយម ធារាសាស្ត្រ កិច្ចការបរិស្ថាន និងការគ្រប់គ្រងកាកសំណល់រឹង-រាវ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកពញាឮ។

៥/ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចការអភិវឌ្ឍន៍ជនបទ កិច្ចការផែនការ និងវិនិយោគ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកល្វាឯម។

៦/ លោក ណុប ដារ៉ា អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ កិច្ចការព្រំដែន កិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចការគយ និងរដ្ឋាករ ពន្ធនាគារ កិច្ចការរ៉ែ ថាមពល អគ្គិសនី និងកិច្ចការការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកកោះធំ។

៧/ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការសុខាភិបាល អនាម័យ និងប្រឆាំងជំងឺឆ្លង កិច្ចការសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកកណ្តាលស្ទឹង។

៨/ លោក ហាក់ សុខមករា អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការសាធារណការ និងដឹកជញ្ជូន កិច្ចការពាណិជ្ជកម្ម កិច្ចការកាំកុងត្រូល និងការងារអភិវឌ្ឍក្រុង និងទីប្រជុំជន និងការដោះស្រាយផលប៉ះពាល់ដោយសារគម្រោង ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកអង្គស្នួល។

៩/ លោក ប៊ុន ផេង អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការអប់រំ យុវជន និងកីឡា កិច្ចការធម្មការនិងសាសនា និងកិច្ចការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកខ្សាច់កណ្តាល។

១០/ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការវេទិកាសាធារណៈ កិច្ចការស្ថិតិ អត្រានុកូលដ្ឋាន កិច្ចការព័ត៌មាន កិច្ចការទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ សមាគម និងកិច្ចការសិទិ្ធមនុស្ស ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកស្អាង។

១១/ លោក ឌឹម បូរ៉ា អភិបាលរងខេត្ត ទទួលភារកិច្ចលើកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កិច្ចការប្រៃសណ៏យ៍ និងទូរគមនាគមន៍ កិច្ចការធនាគារ និងការងារអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងទទួលសម្របសម្រួលជួយការងាររដ្ឋបាលស្រុកមុខកំពូល។

ក្រៅពីភារកិច្ចដែលបានបែងចែកខាងលើនេះ លោកអភិបាលខេត្ត អាចប្រគល់ភារកិច្ចបន្ថែមជូនអភិបាលរងខេត្ត ទៅតាមតម្រូវការការងារជាក់ស្តែងរបស់រដ្ឋបាលខេត្តកណ្ដាល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម