ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ៖ ការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាការគំរាមកំហែងសន្តិភាពក្នុងតំបន់ និងពិភពលោក
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ សម្តេច ទៀ បាញ់ បានអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat)នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ចំពោះមុខរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat)បានក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។ បើតាមសម្តេចប្រមុខការពារជាតិកម្ពុជា គឺនៅខណៈពេលដែលតំបន់អាស៊ាន បាន និងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។

សម្តេចពិជ័យសេនា បានបន្តថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក កិច្ចប្រជុំចង្អៀត ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។ បញ្ហាប្រឈមទាំងអស់នេះ បង្ហាញពីតម្រូវការខ្ពស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ សម្តេច បញ្ជាក់ថា ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកតែម្នាក់ឯងបានទេ។

សូមជម្រាបជូនថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ៖ “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។ តាមរយៈប្រធានបទនេះ គឺបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការឆ្លើយតបរបស់អាស៊ានចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតល្មួតរបស់កិច្ចប្រជុំចង្អៀតADMM ដែលជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេស ក្តីកង្វល់លើសន្តិសុខមិនមែនជាប្រពៃណី ដូចជា គ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល៕
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ