ព័ត៌មានជាតិ
រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាម៉េរិក ផ្ដោតវិធីសាស្រ្តរួមគ្នារក្សាសន្តិភាព វិបុលភាព ក្នុងតំបន់
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក ដែលធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើការផ្ដោតយ៉ាងសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា ថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ គឺជាឱកាសជាប្រវត្តិសាស្រ្តមួយ ដែលផ្តល់នូវសារសំខាន់ និងអត្ថន័យជ្រាលជ្រៅ ក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យការពារជាតិ និងសន្តិសុខ។

សម្ដេចពិជ័យសេនា បានកត់សម្គាល់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី១០ កាលពីដើមខែវិច្ឆិកា ដែលថ្នាក់ដឹកនាំអាស៊ានបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បី ដោះស្រាយបញ្ហាសន្តិសុខរួម ការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការគិតគូរអំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការរិះរកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត។ ការប្តេជ្ញាចិត្តទាំងនេះ ពិតជាឆ្លុះបញ្ចាំងពីស្មារតីរួមគ្នា នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងអាស៊ាន និងអាមេរិក។

សម្ដេចពិជ័យសេនា ទៀ បាញ់ គាំទ្រ និងអបអរសាទរចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងបម្រើផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចបន្ដថា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងកូវីដ-១៩ សហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាថវិកា សម្ភារៈវេជ្ជសាស្រ្ត និងវ៉ាក់សាំងជាច្រើនដល់បណ្តាប្រទេសអាស៊ាន ក្នុងនោះអាមេរិកក៏បានផ្តល់ជំនួយប្រមាណ ១៦ លានដុល្លារ និងវ៉ាក់សាំងជាង ៣ លានដូស តាមរយៈយន្តការកូវ៉ាក់ UNICEF និងWHO ដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនា បានកោតសរសើរ ចំពោះតួនាទីប្រកបដោយការស្ថាបនា របស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសន្ទនា ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ តាមរយៈការចូលរួមក្នុងយន្តការសន្តិសុខដែលដឹកនាំដោយអាស៊ាន ដូចជា ARF និង ADMM បូក ក្នុងនោះសហរដ្ឋអាមេរិកបានចូលរួមធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ជាមួយរដ្ឋជាសមាជិកអាស៊ាន ចំនួនបីលើករួចមកហើយ រួមទាំងការធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ស្តីពី សន្តិសុខសមុទ្រ ជាមួយប្រទេសថៃ នៅក្នុងវដ្តបច្ចុប្បន្ននេះ។

កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាសហប្រធានក្រុមការងារជំនាញរបស់សហរដ្ឋអាមេរិក ប្រកបដោយការស្ថាបនា នៅគ្រប់សកម្មភាពរបស់ក្រុមការងារនេះ ជាបន្តបន្ទាប់ទៅទៀត។ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានសុឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ មិនត្រឹមតែក្នុងរង្វង់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងបណ្តាដៃគូសន្ទនា ជាពិសេស សហរដ្ឋអាមេរិក ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងតំបន់។ កម្ពុជាស្វាគមន៍ ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពភាពអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក។

ចំណែកលោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លើកឡើងថា ជាការពិតណាស់ តាមរយៈការផ្លាស់ប្តូរទស្សនៈរបស់រដ្ឋមន្ត្រីការពារជាតិទាំងអស់ យើងបានឃើញនូវកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំរវាងរដ្ឋសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក លើវិស័យជាច្រើនក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ។ ជាមួយគ្នានេះដែរ យើងក៏បានឃើញនូវឆន្ទៈដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជួយពង្រឹង និងបង្កើនសមត្ថភាពរបស់យោធានៃរដ្ឋសមាជិកអាស៊ាន តាមរយៈការកសាងសមត្ថភាព និងការផ្តល់ជំនួយសម្ភារៈ និងបច្ចេកទេសផ្សេងៗ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជនក្នុងតំបន់។

លោកបន្តថា កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានផ្សេងទៀត ប្តេជ្ញាចិត្តជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង រវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងឈរលើគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីសន្តិសុខ សន្តិភាព និងវិបុលភាពរួមគ្នា៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ