ព័ត៌មានជាតិ
ផ្ដើមពីបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក អ៊ុមហ៊ុយ ឈុនហេង ក្លាយជាចៅសង្កាត់បឹងទំពន់ទី២ ដ៏លេចធ្លោ
«នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ»។ នេះគឺជាប្រយោគប្តេជ្ញាចិត្តដែលលោក អ៊ុមហ៊ុយ ឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ តែងតែប្រកាន់ខ្ជាប់នៅក្នុងស្មារតីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោក។

លោក អ៊ុមហ៊ុយ ឈុនហេង ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីលោកបានជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២។ បើតាមលោក អ៊ុមហ៊ុយ ឈុនហេង មុនក្លាយជាចៅសង្កាត់នាពេលនេះ លោកឆ្លងកាត់ការវាយតម្លៃអំពីសមត្ថភាព បទពិសោធការងារ និងទទួលបានការផ្ដល់សេចក្ដីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ដើម្បីឈរឈ្មោះជាបេក្ខជនចៅសង្កាត់បឹងទំពន់ទី២។

កត្តាដែលនាំឲ្យលោក អ៊ុមហ៊ុយ ឈុនហេង សម្រេចចិត្តឈរឈ្មោះជាបេក្ខភាពចៅសង្កាត់នេះ គឺដោយហេតុថា លោកស្រឡាញ់ការងារមូលដ្ឋាន ហើយក៏ជាក្ដីស្រមៃរបស់លោកចង់ធ្វើជាអ្នកនយោបាយនៅកម្រិតមូលដ្ឋាន។ ត្រង់ចំណុចនេះ លោក អ៊ុមហ៊ុយ ឈុនហេង បានរំលឹកថា អំឡុងឆ្នាំ២០១២ លោកបានចុះទៅបំពេញបេសកកម្មនៅស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនាមជាយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៃយុទ្ធនាការ គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី។ តាមរយៈបេសកកម្មនេះ លោកតែងតែចុះប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខនិងស្វែងយល់អំពីការរស់នៅរបស់ពួកគាត់។ នៅពេលនោះហើយដែលលោក អ៊ុមហ៊ុយ ឈុនហេង ចាប់ផ្ដើមស្រឡាញ់ការងារនៅមូលដ្ឋាន។

ថ្វីត្បិតតែការងារមូលដ្ឋានមានការលំបាកច្រើន តែវាក៏មិនមែនជាឧបសគ្គមករាំងស្ទះដល់ក្ដីស្រមៃ និងឆន្ទៈដ៏មោះមុតរបស់លោកបានឡើយ ហើយលោកតែងតែជំនះនូវឧបសគ្គទាំងអស់នោះ និងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបម្រើនូវផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងនៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈណាដ៏ដោយ។
លោក អ៊ុមហ៊ុយ ឈុនហេង បានបញ្ចប់សញ្ញាបត្រទុតិយភូមិ នៅឆ្នាំ២០០៦ ហើយបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា តាមរយៈអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន។
ក្រោយចប់ថ្នាក់បរិញ្ញាបត្រនៅអំឡុងឆ្នាំ២០១០ លោក អ៊ុមហ៊ុយ ឈុនហេង បានចូលបម្រើការងារជាបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន នៅរាជធានីភ្នំពេញ។ បម្រើការបានរយៈពេល ២ឆ្នាំ លោកបានចូលរួមបំពេញបេសកកម្មជាយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ចុះវាស់វែងដីធ្លីជូនពលរដ្ឋ ដែលកាលណោះលោកជាប្រធានក្រុម ៨២សេ ប្រចាំនៅស្រុកស្ទោង ខេត្តកំពង់ធំ។ បន្ទាប់ពីចប់បេសកកម្ម ៦ ខែ លោកបានវិលមករាជធានីភ្នំពេញវិញ ហើយបានចូលរួមកម្មវិធី «ទំពាំងស្នងឬស្សី» ដែលជាការប្រកួតប្រជែងនិយាយជាសាធារណៈ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
នៅឆ្នាំ២០១៤ លោក អ៊ុមហ៊ុយ ឈុនហេង ក៏បានជាប់ឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ រហូតដល់ពេលដែលលោកត្រូវបានជ្រើសរើស និងជាប់ជាចៅសង្កាត់បឹងទំពន់ទី២ នាពេលបច្ចុប្បន្ននេះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា