ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើឲ្យពិនិត្យលទ្ធភាពជំរុញអ្នកវិនិយោគឥណ្ឌូណេស៊ី មកវិនិយោគលើរោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យពិនិត្យមើលលទ្ធភាពជំរុញអ្នកវិនិយោគឥណ្ឌូណេស៊ី មកវិនិយោគលើការសាងសង់ឃ្លាំង រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាជនកម្ពុជា យកទៅសម្ងួត កិន និងនាំចេញទៅឥណ្ឌូណេស៊ី។ ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកានេះ នាវិមានសន្តិភាព។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី Puan Maharani បានពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមទាំងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី ផងដែរ។ ក្នុងប្រធានបទនេះ លោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការដឹកនាំក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអាយប៉ា ប្រកបដោយជោគជ័យ ហើយបាននាំមកជូនតំបន់នូវវឌ្ឍនភាពយ៉ាងច្រើន។
លោកស្រី Puan Maharani បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ដែលជាទំនាក់ទំនងជាប្រវត្តិសាស្រ្ដ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈការជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដទៃទៀត ដែលអាចធ្វើទៅបាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របចំពោះការវាយតម្លៃរបស់លោកស្រីប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការតភ្ជាប់តាមរយៈការហោះហើរត្រង់ អាចជំរុញទំនាក់ទំនងរវាង សភា និងសភា ប្រជាជន និងប្រជាជន រួមទាំងជំរុញវិស័យទេសចរណ៍ ផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពិនិត្យមើលលទ្ធភាពជំរុញអ្នកវិនិយោគឥណ្ឌូណេស៊ី មកដាក់ទុនសាងសង់ឃ្លាំង រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជា ជនកម្ពុជា យកទៅសម្ងួត កិន និងនាំចេញទៅឥណ្ឌូណេស៊ី។ ក្នុងនោះដែរ ក្រុមហ៊ុនឥណ្ឌូណេស៊ី អាចសហការជាមួយកសិករកម្ពុជា ឲ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការ ផងដែរ៕
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច