ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារជំរុញឱ្យមន្ត្រីនៅតំបន់ភាគឦសានត្រូវខិតខំវិវត្តខ្លួនស្របតាមការរីកលូតលាស់ផ្នែកបច្ចេកវិទ្យា
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាជិកគណៈកម្មការខេត្តរតនគីរី និងមណ្ឌលគីរីត្រូវខិតខំប្រឹងប្រែងវិវត្តខ្លួន និងពង្រឹងសមត្ថភាពឱ្យស្របតាមការរីកលូតលាស់ផ្នែកបច្ចេកវិទ្យាដើម្បីបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារនៅទូទាំងប្រទេស។

ថ្លែងបើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តរតនគីរី និងមណ្ឌលគីរី ស្តីពីការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា នេះ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្នមានសកម្មភាពមួយចំនួននៃគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥នេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះថា សកម្មភាពទាំងឡាយនោះក៏ត្រូវបានកំណត់ផងដែរនៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗ នៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ ដូច្នេះសកម្មភាពនៅក្នុងគោលនយោបាយមួយនេះក៏ដូចជាគោលនយោបាយផ្សេងទៀតផងដែរវាពិតជាមិនអាចដាច់ចេញពីសកម្មភាពនានា ដែលមាននៅក្នុងផែនការសកម្មភាពនៃសាមីអង្គភាពនោះឡើយ។

លោកបានបន្តថា ចំណុចនេះបញ្ជាក់ថា មន្ទីរ និងអង្គភាពជំនាញនីមួយៗនៅថ្នាក់រាជធានី-ខេត្ត មានកាតព្វកិច្ចចូលរួមអនុវត្តគោលនយោបាយនេះដើម្បីជួយជំរុញ ឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងស្ថាប័ននានានៅថ្នាក់ជាតិឱ្យឈានទៅសម្រេចផែនការសកម្មភាពរួមប្រចាំឆ្នាំនីមួយៗ ចូលរួមក្នុងការបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់
លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការ សង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀតជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារ និងមុខរបរនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ព័នគ្រប់វិស័យនៃសង្គមជាតិ។

លោកបានណែនាំឱ្យមន្ត្រីត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗ នៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងខាងការប្រែប្រួលខាងចិត្តសាស្រ្តសង្គមក៏ដូចជាការប្រែប្រួលផ្សេងៗទៀតទាក់ទងទៅនឹងសុខភាពហើយជាពិសេសគឺរាល់លក្ខខណ្ឌដ៏ចាំបាច់នានានៃការផ្ទេរដំណាក់កាលពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មដែលពឹងផ្អែកលើជំនាញនៅពេលខាងមុខ ដែលទាមទារការលើកកម្ពស់ផលិតភាពការងារក្នុងការប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាបទៅជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ធានាភាពខាងជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសង្គមឱ្យបានសម្របតាមការផ្លាស់ប្តូរថ្មីៗ នាពេលបច្ចុប្បន្ន និងទៅអនាគត។ ចំណែកតំណាងអភិបាលខេត្តទាំងពីរ គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងផ្តល់ការយល់ដឹងបន្ថែមទៀតសម្រាប់គណៈកម្មការខេត្តដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ
ឲ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ជូនថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពជាក់លាក់នៃកម្ពុជាដោយបានពិនិត្យ និង អនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការ
អន្តរជាតិខាងការងារ(ILO)ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និង មានផលិតផលខ្ពស់
ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធ៌ម។ គោលនយោបាយនេះ ត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាបឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញ មានតម្លៃបន្ថែមខ្ពស់
លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច