ព័ត៌មានជាតិ
សមាជិកគណកម្មការ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីប្រាប់ចំណុចខ្សោយដល់បេក្ខជន គួរពង្រឹង
ការប្រឡងពានរង្វាន់ព្រះនាងឥន្ទ្រទេវី លើស្នាដៃតែងនិពន្ធសម្រាប់ឆ្នាំ២០២២ គឺមានបេក្ខជនដាក់ស្នាដៃប្រឡងសរុបចំនួន ១០៤ស្នាដៃ ក្នុងនោះ ភាគច្រើននៃស្នាដៃចូលរួមទាំងអស់ សង្កេតឃើញថាអ្នកនិពន្ធមួយចំនួន ហាក់មិនទាន់យល់ច្បាស់ពីអត្ថន័យ អត្ថរូប និងអត្ថរស នៅក្នុងស្នាដៃរបស់ខ្លួននៅឡើយ។
នេះជាលើកឡើងរបស់ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន ក្នុងពិធីប្រកាស និងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ ប្រព្រឹត្តិធ្វើឡើងនាទីស្ដីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥វិច្ឆិកាម្សិលមិញនេះ។

លោក កុក រស់ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ការប្រឡងពានរង្វាន់ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ត្រូវបានរៀបចំឡើង ក្នុងន័យដើម្បីលើកស្ទួយ ការពារ និងថែរក្សា អក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដោយមានការឯកភាពពីថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនាយកដ្ឋានសៀវភៅ និងការអាន ទទួលការចាត់ចែងរៀបចំ។
លោកថា ឆ្នាំនេះ គឺជាឆ្នាំទី២២ នៃការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ហើយក៏ជាឆ្នាំទី៨ នៃការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រីទេវីផងដែរ ដែលលើកនេះ ស្នាដៃតែងនិពន្ធចំនួន ១០ លើផ្នែកប្រលោមលោកខ្នាតខ្លី និងស្នាដៃតែងនិពន្ធចំនួន ១០ លើផ្នែកកំណាព្យ ត្រូវបានវាយតម្លៃជ្រើសរើសយ៉ាងសម្រិតសម្រាំង ក្នុងចំណោមស្នាដៃចូលរួមទាំង ១០៤ស្នាដៃ។

សូមជម្រាបថា ការប្រឡងស្នាដៃតែងនិពន្ធ សម្រាប់ឆ្នាំ២០២២ គឺមានបេក្ខជនដាក់ស្នាដៃប្រឡងសរុបចំនួន ១០៤ស្នាដៃ ក្នុងនោះ ផ្នែកប្រលោមលោក ៧៦ស្នាដៃ និងកំណាព្យរឿង ២៨ស្នាដៃ។ ក្នុងចំណោម ១០៤ស្នាដៃនោះ មានអ្នកនិពន្ធរៀមច្បង ចូលរួមប្រកួតប្រជែងប្រមាណ ៤០ភាគរយ និងអ្នកនិពន្ធជំនាន់ថ្មី ប្រមាណ ៦០ភាគរយ ដែលមកពីរាជធានី-ខេត្ត ចំនួន២០ និងក្រៅប្រទេសចំនួន ២ស្នាដៃ។
ក្រោយការត្រួតពិនិត្យ និងវាយតម្លៃ លោកថា ស្នាដៃនិពន្ធភាគច្រើននៅឆ្នាំនេះ មានលក្ខណៈចោទ ចង និងដោះស្រាយបញ្ហាបានត្រឹមត្រូវ ហើយឆ្លុះបញ្ចាំងពីតថភាពសង្គម ការប្រើប្រាស់ពាក្យពេចន៍ និងរំលេចការអប់រំមនុស្សឱ្យមានគុណធម៌ សីលធម៌ ចេះជួយសង្គ្រោះគ្នា បំបាត់ការរើសអើងពណ៌សប្បុរក្នុងសង្គម។ តែទោះជាបែបនេះក្តី ក្នុងចំណោមស្នាដៃចូលរួមទាំងអស់ លោកសង្កេតឃើញថា នៅមានអ្នកនិពន្ធមួយចំនួន ហាក់មិនទាន់យល់ច្បាស់ពីអត្ថន័យ អត្ថរូប និងអត្ថរស នៅក្នុងស្នាដៃរបស់ខ្លួននៅឡើយ ជាហេតុធ្វើឱ្យស្នាដៃខ្លួនមិនបានជាប់ជយលាភី ដែលទាមទារឱ្យបេក្ខជនត្រូវពង្រឹងលើចំណុចនេះ។

ទន្ទឹមនឹងការលើកឡើងនេះ លោក យូ សុភា សាស្ត្រាចារ្យសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ អះអាងដែរថា បើទោះបីជាស្នាដៃដែលបានចូលរួមភាគច្រើនសុទ្ធសឹងតែល្អៗ ប៉ុន្តែនៅតែមានចំណុចខ្សោយនៅក្នុងលក្ខខណ្ឌទាំង៣ ដែលអ្នកនិពន្ធខ្លះ គ្រាន់តែលើកយកពីបញ្ហាគ្រួសារតូចមួយ ឬផ្ទាល់ខ្លួន មិនបានឆ្លុះបញ្ចាំងឱ្យជ្រៅពីតថភាពសង្គម។ ចំណែកឯបេក្ខជនខ្លះទៀត បាននិពន្ធតួអង្គនៅក្នុងស្នាដៃ ក្នុងទម្រង់ចរិតលក្ខណៈមិនសាកសមជាគំរូ សម្រាប់ផ្លាស់ប្តូរគុណធម៌ អប្បកិរិយានិងសច្ចៈធម៌របស់មនុស្ស និងនៅមានខ្លះទៀត ប្រើពាក្យពេចន៍អសុរ ភាសាសាមញ្ញ ប្រាស់ចាកពីអក្សរសិល្ប៍។
យ៉ាងណាក៏ដោយ លោកក៏បានបង្ហាញការគាំទ្រ និងកោតសសើរដល់ ស្នាដៃបេក្ខជនចូលរួមប្រកួតប្រជែងទាំងអស់ ដែលភាគច្រើនសុទ្ធសឹងជារឿងល្អៗ ពិសេសស្នាដៃជយលាភី ដែលគណៈកម្មធិការបានជ្រើសរើស និងស្នើដល់បេក្ខជនមិនទាន់ជាប់ កុំអស់សង្ឃឹម និងសូមឱ្យព្យាយាមពង្រឹងចំណុចខ្វះខាតបន្ថែមទៀត ដើម្បីចូលរួមនៅឱកាសក្រោយ។
សាស្តា្រចារ្យរូបនេះ ក៏សំណូមពរដល់បេក្ខជនដែលមានបំណងប្រឡងនៅឆ្នាំក្រោយៗទៀត ពិនិត្យមើលស្នាដៃរបស់ខ្លួន ថាពិតជាស្របតាមលក្ខខណ្ឌនៃការកំណត់ហើយឬនៅ ពិសេសផ្តោតសំខាន់លើខ្លឹមសារ ហេតុផល ទស្សនៈវិជ្ជាជីវិត និងទម្ងន់នៅក្នុងដំណើររឿងរបស់ខ្លួន។

គួរឱ្យដឹងដែរថា ការប្រគល់ពានរង្វាន់ និងបណ្ណកិត្តិយស ជូនដល់ម្ចាស់ស្នាដៃទាំង ២០រូប ត្រូវបានបែងចែកចេញជា២ ដោយមានម្ចាស់ជយលាភីចំនួន ១០រូប បែងចែកលើផ្នែកប្រលោមលោកខ្នាតខ្លីចំនួន ៥ និងកំណាព្យចំនួន ដែលបែងចែកដូចគ្នាទៅនឹងម្ចាស់ស្នាដៃទទួលបណ្ណកិត្តិយសទាំង ១០រូប ផ្សេងទៀតដែរ។
ចំណែកឯការប្រគល់ពានរង្វាន់ គឺជូនចំពោះតែម្ចាស់ស្នាដៃជយលាភីចាប់ពីលេខ១ ដល់ លេខ៣ ទាំងផ្នែកប្រលោមលោកខ្នាតខ្លី និងកំណាព្យប៉ុណ្ណោះ។
១/ ជយលាភីប្រលោមលោកខ្នាតខ្លី និងកំណាព្យ
– ជយលាភីប្រលោមលោកខ្នាតខ្លី លេខ១ រឿង «បណ្តឹងសហគមន៍»
– ជយលាភីប្រលោមលោកខ្នាតខ្លី លេខ២ រឿង «សំនៀងប៊ិឡានី»
– ជយលាភីប្រលោមលោកខ្នាតខ្លី លេខ៣ រឿង «ថ្ងៃរះហើយពុក»
– ជយលាភីប្រលោមលោកខ្នាតខ្លី លេខ៤ រឿង «បាសាក់»
– ជយលាភីប្រលោមលោកខ្នាតខ្លី លេខ៥ រឿង «ក្រាំងតាត្រាវ»
– ជយលាភីកំណាព្យរឿង លេខ១ «គុណការងារ»
– ជយលាភីកំណាព្យរឿង លេខ២ «អ្នកគ្រូជាយដែន»
– ជយលាភីកំណាព្យរឿង លេខ៣ «មេស្រុក»
– ជយលាភីកំណាព្យរឿង លេខ៤ «ព្យុះជីវិតនាងរស្មី»
– ជយលាភីកំណាព្យរឿង លេខ៥ «សន្សើមសន្តិភាព»
២/ បណ្ណកិត្តិយសប្រលោមលោកខ្នាតខ្លី និងកំណាព្យ
– បណ្ណកិត្តិយសទី១ បានទៅលើរឿង «បេះដូងគ្រូបឋម»
– បណ្ណកិត្តិយសទី២ បានទៅលើរឿង «សម្អាតក្រុង»
– បណ្ណកិត្តិយសទី៣ បានទៅលើរឿង «មិនមែនរឿងខ្ញុំ»
– បណ្ណកិត្តិយសទី៤ បានទៅលើរឿង «ពេលមេឃស្រឡះ»
– បណ្ណកិត្តិយសទី៥ បានទៅលើរឿង «វិស្វករ»
– បណ្ណកិត្តិយសទី១ បានលើកំណាព្យរឿង «ដំណើរជម្លៀសទៅបាត់ដំបង»
– បណ្ណកិត្តិយសទី២ បានលើកំណាព្យរឿង «ឃាតករបិសាច»
– បណ្ណកិត្តិយសទី៣ បានលើកំណាព្យរឿង «ទឹកចិត្តគ្រូពេទ្យ»
– បណ្ណកិត្តិយសទី៤ បានលើកំណាព្យរឿង «នាងណារី»
– បណ្ណកិត្តិយសទី៥ បានលើកំណាព្យរឿង «ស្នេហា និងសន្តិភាព»



គួរបញ្ជាក់ថា ការប្រឡងពានរង្វាន់អក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី មានអាយុចំណាស់ជាងគេ ដែលធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ បើតាមការឱ្យដឹងពីប្រធាននាយកដ្ឋានសៀវភៅ និងការអាន កាលអំឡុងសម័យសង្គមរាស្ត្រនិយម គឺមានការរៀបចំប្រឡងចំនួន ៣លើក ដោយលើកទី១ ជយលាភីលេខ១ គឺរឿង «ព្រះអាទិត្យថ្មី រះលើដែនដីចាស់» និពន្ធដោយ អ្នកនិពន្ធ សួន សុរិន្ទ។ លើកទី២ ឆ្នាំ១៩៦៣ ជយលាភីលេខ១ គឺរឿង «ជាតិស្ត្រី» និពន្ធដោយ អ្នកនិពន្ធ ឡឹក រ៉ាវី និងលើកទី៣ ក្នុងឆ្នាំ១៩៦៧ មិនមានចំណាត់ថ្នាក់លេខ១ ទេ។
រីឯសម័យបច្ចុប្បន្ន លោកបញ្ជាក់ថា មានការរៀបចំប្រឡងចំនួន ៥លើក ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១៩ និងរៀបចំការប្រឡងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២២ នេះ។ ការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីលើកទី៨ នេះ គឺប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នាទីស្ដីការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោមវត្តមានលោកជំទាវ នេត្រ ភូមារី រដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ