Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ​ទី​៥​មករា ​មាន​កម្មករ​និយោជិត​ជាង​៣៤​ម៉ឺន​នាក់ ​ទទួល​បាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល

បានផុស

នៅ

​ចាប់​តាំង​ពី​ ខែ​ឧសភា​ ឆ្នាំ​២០២០ ​រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២១​នេះ​ រដ្ឋាភិបាល​បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិត​ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩​ ជាង​៣៤​ម៉ឺន​នាក់ ​ហើយ​ដែល​សរុប​ទឹកប្រាក់​ជាង​២៣​លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋលេខាធិការ និង​ ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២០​នេះ​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ ​ដើម្បី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករ​និយោជិត​ ក្នុង​វិស័យ​ការងារ និង​វិស័យ​ទេសចរណ៍​ ជាង​៣៤​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ដោយ​កូ​វីដ​១៩។ ​លោក​បាន​បន្ត​ថា​ ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​នេះ បាន​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២០​ ហើយ​បើ​គិត​មកដល់​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២១​នេះ មាន​ចំនួន ៤៥ លើក​ហើយ​។​

បើ​តាម​ក្រសួង​ការងារ​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ ​ក្នុង​នោះ​ចំនួន​៦​ម៉ឺន​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក ​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​១២​ម៉ឺន​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​ សម្រាប់​ព្យួរ​ការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។ ​១៦​ម៉ឺន​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​ សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។

​គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ បាន​ប្រកាស​ជួយ​ដល់​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ រយៈពេល​បី​ខែ​បន្ថែម​ទៀត​ ចាប់ពី​ខែមករា​រហូតដល់​ខែមីនា ឆ្នាំ​២០២១​។​

​ក្នុង​នោះ​រដ្ឋាភិបាល​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករ​-​និយោជិត​ម្នាក់​ ដែល​បំពេញការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល ៣ ខែ​បន្ថែមទៀត គឺ​ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០២១​។ ម្ចាស់​រោងចក្រ​-​សហគ្រាស​ ក្នុង​វិស័យ​នេះ​ ត្រូវ​បន្ថែមចំនួន ៣០ ដុល្លារ ដល់ក​ម្មករ​-​និយោជិត​ម្នាក់​។ បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​ក្នុង​មួយ​ខែ​ ជូន​កម្មករ​និយោជិត​ម្នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល ៣ ខែ​បន្ថែមទៀត គឺ​ចាប់ពី​ខែ​មករា​ដល់​ខែ​មីនា ឆ្នាំ​២០២១​។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ ជាក់ស្តែង​បន្ថែម​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ដំណាំ​តាសក់ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ​មួយចំនួនក្នុងស្រុក​កងមាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម