ព័ត៌មានជាតិ
អ្នកនាំពាក្យណែនាំបេក្ខជនមើលបញ្ជីឈ្មោះប្រឡង អនុវត្តវិធានសុខភាព គោរពច្បាប់ចរាចរណ៍
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប និងគ្រប់ភាគីពាក់ព័ន្ធដែលទៅមើលបញ្ជីឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនានា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សូមបន្តអនុវត្តវិធានសុខភាព សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ការណែនាំនេះបានធ្វើឡើងដោយសារនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេសបានបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុប ថ្ងៃទី៥ ធ្នូ ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រម នៃឈ្មោះរបស់ខ្លួន។ បន្ទាប់មកនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅមុនថ្ងៃប្រឡងមួយថ្ងៃនឹងមានការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងម្តងទៀត ដើម្បីឱ្យបេក្ខជនប្រឡងពិនិត្យមើល និងបញ្ជាក់ម្ដងទៀតពីមណ្ឌលប្រឡងលេខបន្ទប់ និងលេខតុ។
លោក រស់ សុវាចា បានមានប្រសាសន៍នៅព្រឹកនេះថា៖ “ចាប់ពីព្រឹកថ្ងៃ២៨ វិច្ឆិកា ២០២២នេះ មណ្ឌលប្រលងបាក់ឌុបមានការបិទផ្សាយបញ្ជីរាយនាមបេក្ខជនប្រលងបាក់ឌុប បញ្ជាក់ពីមណ្ឌលប្រលងរបស់បេក្ខជន។ ការបិទផ្សាយលេខបន្ទប់ និងលេខតុនឹងមានជូន នៅថ្ងៃ៤ ធ្នូ ២០២២ នៅតាមមណ្ឌលប្រលងនីមួយៗ”។
ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានណែនាំដល់បេក្ខជនប្រលងបាក់ឌុប និងគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានសុខភាព សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ចំណែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទី អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា មណ្ឌលប្រឡងនៅក្នុងរាជធានីភ្នំពេញបានបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបរួចរាល់ហើយ។ ដូចនេះសូមឱ្យបេក្ខជនទៅមើលឈ្មោះ មណ្ឌលប្រឡងត្រូវនឹងអក្ខរក្រម នៃឈ្មោះរបស់ខ្លួនដែរ ឬទេ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ចូលរួមប្រឡងនៅថ្ងៃទី៥ ធ្នូខាងមុខ។
សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស។
ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ក្រសួងមានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១ ម៉ឺននាក់ គណៈកម្មការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន ២ ៧០០ នាក់ និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ២ ពាន់នាក់។
សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច