ព័ត៌មានជាតិ
លោក យ៉ង សាំងកុមារ បណ្ឌិតកសិកម្មមកពីអាល្លឺម៉ង់មានប្រវត្តិយ៉ាងណា?
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលហេតុថា លោកពេញចិត្តទៅនឹងគោលនយោបាយវិស័យកសិកម្មដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនាពេលកន្លងទៅនេះ។

មុនក្លាយជាអ្នកនយោបាយលោក យ៉ង សាំងកុមារគឺជាអ្នកជំនាញកសិកម្មមួយរូប និងជាអតីតប្រធានអង្គការកសិកម្មសេដាក (CEDAC) ។ តើអ្នកជំនាញផ្នែកកសិកម្មរូបនេះមានប្រវត្តិសិក្សា និងបទពិសោធការងារបែបណា?
កើតឆ្នាំ ១៩៦៦ លោក យ៉ង សាំងកុមារ មានស្រុកកំណើតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកជាគ្រូបង្រៀន និងម្តាយជាកសិករ។ ទាក់ទងនឹងប្រវត្តិការសិក្សាលោក យ៉ង សាំងកុមារ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៨៤ និងបានបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ រហូតបានបញ្ចប់សញ្ញាបត្របណ្ឌិតអភិវឌ្ឍន៍កសិកម្មនៅឆ្នាំ១៩៩៥ បន្ទាប់ពីលោកបានចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ។

ក្រោយរៀនចប់នៅអាល្លឺម៉ង់លោក យ៉ង សាំងកុមារបានត្រឡប់មកមាតុភូមិវិញហើយបានចាប់ផ្ដើមចូលបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ និងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឆ្នាំ១៩៩៧ លោក បានសហការជាមួយស្ថាបនិកចំនួន ៦រូបផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅកាត់ថាអង្គការសេដាក។
ក្នុងនាមជាស្ថាបនិកអង្គការសេដាក លោក យ៉ង សាំងកុមារ បានចូលរួមយ៉ាងសកម្មជាដៃគូរាជរដ្ឋាភិបាលលើការអភិវឌ្ឍកសិកម្មនៅកម្ពុជា ដោយអនុវត្តតាមគោលការណ៍ធម្មជាតិ។ លោក បានបង្កើតឲ្យមានរោងម៉ាស៊ីនកិនស្រូវសរីរាង្គនៃកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ រួមទាំងការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដល់ប្រជាកសិករ ជាដើម។

នៅឆ្នាំ២០១៥ លោក យ៉ង សាំងកុមារ បានសម្រេចចិត្តលាឈប់ពីប្រធានអង្គការសេដាក ហើយបានចូលប្រឡូកឆាកនយោបាយ តាមរយៈការចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាមួយលោក យ៉េង វីរៈ រួមទាំងអតីតមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត។
នៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារមានតួនាទីជាប្រធានគណៈកម្មាធិការនាយក ហើយក៏ជាមេដឹកនាំដ៏សំខាន់ និងមានសក្តានុពលមួយរូបរបស់គណបក្សនេះ។
ប៉ុន្តែនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីមជ្ឈដ្ឋានជាតិលើការដើរចេញរបស់លោក យ៉ង សាំងកុមារពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក