Connect with us

ព័ត៌មានជាតិ

មន្ត្រីបញ្ជាក់អំពីការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ ជាថ្មី

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងមន្ត្រីនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ជាថ្មីទៀនេះ គឺធ្វើឡើងតាមដំណើរការនីតិវិធីតាមផ្លូវច្បាប់របស់តុលាការ ក្រោយពីបុគ្គលរូបនេះមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមអង្គការសង្គមស៊ីវិល និងសមាគមចំនួន ៦៩ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ​ ដោយបានអំពាវនាវឲ្យដោះលែងបុគ្គលឈ្មោះ ឈឹម ស៊ីថរ ចេញពីពន្ធនាគារ និងលើកចោលបទចោទប្រកាន់ទាំងអស់ ចំពោះមេសហជីពរូបនេះផងដែរ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៩ ខែវិច្ឆិកាថា ការចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ជាថ្មីទៀតនេះ គឺជាដំណើរការនីតិវិធីតាមផ្លូវច្បាប់របស់តុលាការ ក្រោយពីបុគ្គលរូបនេះមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។ លោកមិនដឹងថា ក្រុមអង្គការសង្គមស៊ីវិល និងសមាគមទាំងនោះមិនយល់ ឬធ្វើមិនយល់អំពីច្បាប់របស់កម្ពុជា ឬនីតិវិធីរបស់តុលាការយ៉ាងណានោះទេ បានជាអំពាវនាវឲ្យដោះលែងជនត្រូវចោទបែបនេះ។

លោក ជិន ម៉ាលីន មានប្រសាសន៍យ៉ាងដូច្នេះថា «មើលទៅការលើកឡើងរបស់គាត់ គាត់អត់បានពិនិត្យមើលទៅលើច្បាប់របស់កម្ពុជា ឬក៏នីតិវិធីរបស់តុលាការកម្ពុជាយ៉ាងម៉េច? ជួនកាល គាត់ដឹងដែរ ក៏ប៉ុន្តែគាត់ជាមិនដឹង ដើម្បីការពារជនជាប់ចោទ ឬក៏បិទបាំងអំពើល្មើសរបស់ខ្លួន…ទាក់ទងករណីហ្នឹង គឺជាការអនុវត្តដំណើរការនីតិវិធី តាមផ្លូវច្បាប់របស់កម្ពុជា ជាធម្មតាអ្នកដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គេកំណត់លក្ខខណ្ឌ រួមទាំងការចេញទៅក្រៅប្រទេសជាដើម ដែលត្រូវសុំការអនុញ្ញាតពីខាងតុលាការសិន»។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បុគ្គលឈ្មោះ ឈឹម ស៊ីថរ មិនបានបំពេញលក្ខខណ្ឌរបស់តុលាការ។ ដូច្នេះហើយ ទើបតុលាការបានអនុវត្តនីតិវិធី ដោយបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទរូបនេះ យកទៅឃុំខ្លួនវិញ។ លោកថា «អញ្ចឹងសុំគាត់ពិនិត្យមើលផ្លូវច្បាប់ និតីវិធីច្បាប់របស់កម្ពុជា មុននឹងធ្វើការសន្និដ្ឋានទាំងមិនយល់ ឬមួយក៏ធ្វើការសន្និដ្ឋានក្នុងគោលបំណងចោទប្រកាន់ ដើម្បីការពារបិទបាំងកំហុសក្រុមខ្លួន»។

លោករដ្ឋលេខាធិការ ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ ពីសំ​ណាក់សមត្ថកិច្ច តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ មិនមែនជាការរំលោភបំពានសិទ្ធិ ឬក៏ជាការធ្វើទុក្ខបុកម្នេញនោះទេ តែជាវិធានការច្បាប់ទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ចំណែកលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នគរបាលចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ នេះ ដោយយោងទៅលើដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសា​លាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «គាត់ត្រូវដាក់ឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដោយតុលាការ មានន័យថា គាត់មិនមានសិទ្ធិចេញទៅណា ក្រៅពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ ប្រសិនបើគ្មានការអនុញ្ញាតពីតុលាការ»។

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នគរបាលបានចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍​ បន្ទាប់ពីបុគ្គលរូបនេះធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកប្រទេសកម្ពុជាវិញ។ បើតាមសមត្ថកិច្ច ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។  

សូមជម្រាបថា បុគ្គលឈ្មោះ ឈឹម ស៊ីថរ ដែលតែងតែដឹកនាំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ ក្រោយមកនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ឈឹម ស៊ីថរ បានយល់ព្រមធ្វើកិច្ចសន្យាមួយ ដោយគោរពជូនរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី។

បន្ទាប់មកទៀត សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ បានចេញដីកាសម្រេចមួយដោយដាក់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០២១ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ នៅក្នុងដីកាសម្រេចនោះ ចៅក្រមស៊ើបសួរ នៃសា​លាដំបូងរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌដល់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការឡើយ។

ក៏ប៉ុន្តែបុគ្គលឈ្មោះ ឈឹម ស៊ីថរ មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ ដោយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ត្រីរូបនេះបានចេញទៅប្រទេសអូស្រ្តាលី។ ដូច្នេះនៅពេលចូលមកដល់ប្រទេសកម្ពុជាវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម