ព័ត៌មានជាតិ
បទយកការណ៍៖ ខែវិច្ឆិកា មានមរតកវប្បធម៌ខ្មែរច្រើនជាងគេ ត្រូវបានបញ្ចូលក្នុងបញ្ជី យូណេស្កូ
ប្រមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ មិនទាន់អស់សេចក្ដីរំភើបសប្បាយរីករាយ ដោយកាលពីយប់មិញនេះ “គុនល្បុក្កតោ” ត្រូវបានក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ផង លុះមកដល់ថ្ងៃចុងខែវិច្ឆិកា ថ្ងៃទី៣០នេះ កម្ពុជាមានមោទនភាពជាតិបន្តទៀត ដោយសារជាថ្ងៃអបអររំលឹកខួប ៦ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូរណេស្កូ។
ពិតណាស់ ក្នុងចំណោមសម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ជាង១០ ដែលត្រូវបានទទួលស្គាល់ជាសាកល និងត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization), វិច្ឆិកា គឺជាខែដ៏អស្ចារ្យ ដែលមានមរតកវប្បធម៌ខ្មែរច្រើនជាងគេ ត្រូវបានបញ្ចូលក្នុងបញ្ជីវប្បធម៌មនុស្សលោកនោះ មានដូចជា៖
១. ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្កការយូណេស្កូ។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ជាសិល្បៈសក្ការៈដ៏ចំណាស់មួយ ដែលមានរៀបរាប់ទាំងក្នុងសិលាចារឹក និងតាមចម្លាក់ប្រាសាទ។ របាំនេះសម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រនិងប្រមុខរដ្ឋ។
របាំព្រះរាជទ្រព្យបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយគង់វង្សរហូតដល់សព្វថ្ងៃ ដោយសារការខិតខំប្រឹងប្រែងរបស់ព្រះមហាវីរក្សត្រ និង ព្រឹទ្ធាចារ្យសិល្បៈខ្មែរ ហើយវីរក្សត្រីយ៍ដែលមានស្នាព្រះហស្ថ និងគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានគឺ ព្រឹទ្ធាចារ្យសិល្បៈ និងជាមរតកមនុស្សរស់ សម្តេចព្រះរាជបុត្រី ព្រះរាជ ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី កាលលោកនៅមានព្រះជន្ម ដែលបានខិខំលះបង់អស់ព្រះកម្លាំងកាយពល ក្នុងការជួយអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យពណ្ណរាយ និងមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ។
២. ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ។
ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេស ហើយជាទម្រង់នៃល្ខោន ស្បែករបស់ខ្មែរ ដែលមានបីប្រភេទ គឺល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច និងស្បែកពណ៌។ ល្ខោនស្រមោលស្បែកធំ គឺសម្តែងបានតែរឿងរាមកេរ្ត៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមក គេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំ ដែលមានលក្ខណៈជាជំនឿ ជាកិច្ចឧទ្ទិសបួងសួង ឬបន់ស្រន់ជាដើម។
៣. ថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ។
ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តី៍តែប៉ុណ្ណោះ។ ល្ខោននេះធ្វើកាយវិការតាមសំឡេងពោល ហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោលមានដើមកំណើតពីល្ខោន ភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ សតវត្សរ៍ ៩-១៤ មកដែរ។ សព្វថ្ងៃនេះ យើងសង្កេតឃើញថា ការសម្តែងល្ខោនខោលមានពីរបែប គឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។
ល្ខោនខោល វត្តស្វាយអណ្តែត ពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និងភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។
៤. នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ “គុនល្បុក្កតោ” ត្រូវបានចុះក្នុងបញ្ជី នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ។
ម៉ោងនៅកម្ពុជាយប់មិញនេះ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។
គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ព្រមទាំងបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។
៥. ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ។
ចាប៉ីដងវែង ជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។ ចាប៉ីអាចលេងម្នាក់ឯង ឬលេងជាក្រុមនៅក្នុងវង់ភ្លេងអារក្ស និងភ្លេងការបុរាណផងដែរ។ ម្យ៉ាងទៀតជួនកាលអ្នកលេង ចាប៉ីក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ ដោយការចោទឆ្លើយគ្នាទៅវិញទៅមក ជាអាថ៌មានប្រស្នាផ្សេងៗ ជាកាព្យឃ្លោងដោយឥតព្រាងទុក។ ម្ល៉ោះហើយអ្នកច្រៀងចាប៉ីច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងចួន ចេះកំប្លុកកំប្លែង និងមាន បញ្ញាឈ្លាសវៃ ដ្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើតទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី។
គួរបញ្ជាក់ថា សម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ មានដូចជា៖
ឧទ្យានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
អង្គការ UNESCO បានសម្រេចដាក់ ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌរូបី នៃពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨។
បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។
ល្បែងទាញព្រ័ត្រ ដាក់បញ្ចូលក្នុងបញ្ជីមរតកវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
ឯកសារសំឡេងនិទាន រឿងរាមកេរ្ត៍ ដោយតាគ្រុឌ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។
រឿង អ៊ីណាវបុស្សា ជារឿងនិទានបែបប្រវត្តិសាស្រ្តរបស់ជនជាតិជ្វា និយាយរៀបរាប់ពីការកកើតនៃវប្បធម៌ អក្សរសាស្រ្ត ក្នុងប្រទេស ឥណ្ឌូនេស៊ី និងប្រទេសជិតខាងផ្សេងទៀត ដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ភូមា និងប្រទេសម៉ាឡេស៊ី។ សំណេររឿង អ៊ីណាវ បុស្បា ដែលរកឃើញចាស់ជាងគេនៅកម្ពុជា ត្រូវបានចារក្នុងក្រាំង ហើយត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់ អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»