Connect with us

ព័ត៌មានជាតិ

​សម្ដេច​ ស ខេង សង្ឃឹម​ថា រុស្សី នឹង​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជា​មួយ​កម្ពុជា

បានផុស

នៅ

ការ​លើកឡើង​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជា​មួយ​លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហព័ន្ធ​រុស្សី ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ​២០២០ ។
 
នៅ​ក្នុង​ជំនួប​នោះ លោក Anatoly BOROVIK បាន​សម្ដែង​នូវ​ការ​រំលែកទុក្ខ​ចំពោះ​ជនរងគ្រោះ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​ទទួល​រងគ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងកម្លាំង ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​លោក Anatoly BOROVIK បាន​លើកឡើង​អំពី​បញ្ហា​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពិភពលោក ដែល​កំពុង​តែ​​រាត​ត្បាត​នៅ​ឡើយ។ លោក​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​វិធានការ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ទប់ស្កាត់ ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​មាន​ប្រសិទ្ធិភាព។​
 
នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក Anatoly BOROVIK ក៏​បាន​លើកឡើង​អំពី​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​រុស្សី ដោយ​ក្នុង​នោះ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​គ្រឿង​ញៀន បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ផង​ដែរ។

ជា​ការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​រុស្សី តាំង​ពី​សម័យ​ខ្មែរ​ក្រហម ដែល​ក្នុង​ពេល​នោះ បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បណ្ដេញ​ខ្មែរ​ក្រហម​ ចេញ​ពី​ប្រ​ទេស ហើយ​បន្ត​គាំទ្រ​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហម​ត្រឡប់​មក​វិញ ហើយ​សម្ដេច​ក៏​បាន​ឯកភាព​នូវ​អ្វី ដែល​លោក​ឯកអគ្គរដ្ឋទូត​ បាន​លើក​ឡើង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​រុស្សី ផង​ដែរ។
 
សម្ដេច​ក្រឡាហោម ក៏​បាន​កោតសរសើរ​រុស្សី ដែល​បាន​រក​ឃើញ​វ៉ាក់សាំង​កូវីដ មុន​គេ និង​មាន​ការ​បញ្ជា​ទិញ​ជា​ច្រើន ​។ សម្ដេច​ក៏​បាន​លើក​ឡើង​ពី​ការ​លុប​ការ​លើកលែង​ពន្ធ​ ២០​ភាគរយ របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដោយ​ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​សេដ្ឋកិច្ច ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ភាគី​ចិន ហើយ​នៅ​ពេល​ខាងមុខ​ជា​មួយ​កូរ៉េ។ 
 
ជា​មួយ​គ្នា​នោះ​សម្ដេច​សង្ឃឹម​ដែរ​ថា ភាគី​រុស្សី នឹង​មាន​បំណង​ចុះហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជា​មួយ​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម