Connect with us

ព័ត៌មានជាតិ

ត្រឹម​ឆ្នាំ ២០២១ គម្រោង​ផ្លូវ​ស្ពាន ០៥ កន្លែង នឹង​បញ្ចប់​​រួច​រាល់​ទាំង​ស្រុង

បានផុស

នៅ

សមិទ្ធផល​ជាតិចំនួន​ ០៥ នឹង​លេច​រូបរាង​ក្នុង​ឆ្នាំ​២០២១។ ការដ្ឋាន​ផ្លូវ​ស្ពានចំនួន​ ០៥ កន្លែង កំពុង​ដំណើរ​ការ​ឈានទៅបញ្ចប់​ក្នុង​រយៈ​ពេល ១២ ខែ​ទៀត​គឺ​ក្នុង​ឆ្នាំ​២០២១​នេះ។

1/ ផ្លូវ​ជាតិ​លេខ ៣

ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​ជាតិលេខ ៣ ពី​បែកចាន ទៅ​ខេត្តកំពត ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​វាយតម្លៃ​ ប្រវែង​ខ្សែ​ផ្លូវ​ជាង ១០០ គីឡូម៉ែត្រ​ អាច​រួចរាល់​មុន​ផែនការ​គឺ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០២១ ក្នុង​ពេល​ការងារ​សាងសង់​សម្រេច​បាន​ប្រមាណ ៩០​ភាគរយ។

ផ្លូវ​របៀង​ភ្ជាប់​ទៅ​ក្រុង​ទេសចរណ៍ខេត្ត​កំពត​នេះ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២ តាម​ផែនការ​ដំបូង តែ​ការ​សម្រុក​ស្ថាបនា​នឹង​សម្រេច​មុនផែនការ​គ្រោង​ទុក។

ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤ គីឡូម៉ែត្រ ចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក។

2/ ស្ពាន​ស្ទឹងត្រង់​ក្រូច​ឆ្មារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ខេត្ត​កំពង់ចាម​និង​ខេត្ត​ត្បូង​ឃ្មុំ នឹង​លែង​ពឹង​សាឡាង​ឆ្លង​ទៀត​ហើយ នៅ​ពេល​សមិទ្ធផល​ស្ពាន​ដ៏​ថ្មី​ស្រឡា​លិច​រួបរាង​ស្ទើរ​រួច​រាល់​ទាំង​ស្រុង។

ស្ពាន​ភ្ជាប់​ត្រង់​ចំណុច​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មេគង្គ​ទៅ​ត្រើយ​ខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេច​បាន៩៦,៤% គ្រោង​បញ្ចប់​នៅដើម​ឆ្នាំ២០២១ខាងមុខ។

ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែល​បានបើកការដ្ឋាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ ស្ពាន​នេះ​មានប្រវែង​សរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ។

3/ ផ្លូវ ៣៤ នៅ​ខេត្ត​ព្រះសីហនុ

ការ​ដ្ឋាន​ផ្លូវ​ទាំង ៣៤ ខ្សែ​នៅ​ខេត្តព្រះសីហនុ​ ប្រវែង ៨២ គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ សម្រេច​ជាង ៩០ ភាគរយ នៅ​តែ​ការងារ​សេសសល់​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា​ការ​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម ការ​រៀប​កម្រាល​ខឿន បំពាក់​ភ្លើង​បំភ្លឺ និង​ការ​ដាំ​ដើមឈើ​លម្អ​ដែល​អាច​រួច​រាល់​ទាំង​ស្រុង​ក្នុង​ឆ្នាំ​២០២១។

4/ ស្ពាន​ខ្សែកាប​ទៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា

ស្ពាន​យោង​ដោយ​ខ្សែកាប​ភ្ជាប់ រវាងផ្លូវ​ជាតិ​លេខ៥​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា តាម​គ្រោង​ការ​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១។ ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ជា​គម្រោង​របស់​ក្រុមហ៊ុន OCIC ដែល​ចំណាយ​ថវិកា​ ​៣៥លាន​ដុល្លារ​អាមេរិក​​ក្នុង​ការ​សាងសង់ ជា​ថវិកា​របស់​រដ្ឋាភិបាល​ ​បាន​មក​ពី​ការជួល​ដី​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ដល់​ក្រុមហ៊ុន OCIC។

5/ ស្ពាន​អាកាស​និង​រង្វង់​មូល​ចោមចៅ

ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវក្រោមដី​រង្វង់មូលចោមចៅ គិតមកដល់ពេលនេះ​សម្រេច​បានប្រមាណ ៥៥ភាគរយ អាច​បញ្ចប់នៅឆ្នាំ ២០២១។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុង​បញ្ចប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម