ព័ត៌មានជាតិ
ពលរដ្ឋឃុំភ្ញីមាស សុំអាជ្ញាធរពន្លឿនដោះស្រាយផលប៉ះពាល់គម្រោងធ្វើអាងទឹកស្អាត
ប្រជាពលរដ្ឋក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ បានស្នើសុំឲ្យអាជ្ញាធរខេត្ត មេត្តាពន្លឿនដោះស្រាយពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ធ្វើអាងទឹកស្អាតរបស់ក្រុមហ៊ុន អាន កូ គ្រាបញ្ហានេះកើតមានយូរឆ្នាំ គ្មានលទ្ធផលបង្ហាញ។

តំណាងឲ្យប្រជាពលរដ្ឋរស់នៅភូមិពាមក្រឡាញ់ ឃុំភ្ញីមាស ចំនួន ១០ គ្រួសារ កំពុងរង់ចាំដំណោះស្រាយរវាងក្រុមហ៊ុនអាន កូ ដែលកំពុងវិនិយោគធ្វើអាងទំនប់ទឹកស្អាតចូលដីស្រែចម្ការរបស់ពួកគាត់ ដោយក្រុមហ៊ុនចេះតែពន្យារពេលវេលាមិនទូទាត់ផ្តល់សំណង។

តំណាងប្រជាពលរដ្ឋ អះអាងកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុងថា ពួកគាត់សុំរកដំណោះស្រាយពីអាជ្ញាធរភូមិ-ឃុំ និងស្រុក ជាង ១ ឆ្នាំ មកហើយ ក៏នៅមិនទាន់មានលទ្ធផលអ្វីឡើយ។ ដូច្នេះដល់លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង មេត្តាពិនិត្យ និងពន្លឿនឲ្យមានការដោះស្រាយឆាប់ៗ។

បើតាមក្រុមពលរដ្ឋដដែល បច្ចុប្បន្នគ្មានចំណូលអ្វីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃទេ ខណៈដីស្រែចម្ការអាស្រ័យផលបានលិចទឹកដោយសារគម្រោងធ្វើអាងទំនប់ទឹកនេះ ហើយថែមទាំងកំពុងជំពាក់ធនាគារទៀតផង។

ទាក់ទិននឹងបញ្ហានេះ ត្រូវបានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលស្គាល់ពីភាពឆកល្វែងដើម្បីស្វែងដំណោះស្រាយជូនពលរដ្ឋដែលរងផលប៉ះពាល់ ដោយក្រសួងបរិស្ថានធ្លាប់ណែនាំដល់តំណាងក្រុមហ៊ុន អាន កូ ចាំបាច់ដោះស្រាយផ្តល់សំណងឲ្យឆាប់រហ័ស។

លោកអភិបាលរងខេត្ត អះអាងថា មកទល់ម៉ោងនេះ ក្រុមហ៊ុនវិនិយោគពិតជាមិនបានដោះស្រាយជូនពលរដ្ឋប្រាកដមែន។ ដូច្នេះតបនឹងសំណើពលរដ្ឋ រដ្ឋបាលខេត្ត នឹងរកពេលវេលាជជែកពីឧកញ៉ា កុក អាន ដើម្បីពិនិត្យពន្លឿនការដោះស្រាយជូនពលរដ្ឋ ខណៈដីធ្លីអាស្រ័យស្របច្បាប់។

លោក សុខ សុទ្ធី ក៏រម្លឹកដែរថា កន្លងទៅ ពួកគាត់ត្រូវបានដោះស្រាយពីផលប៉ះពាល់ដោយក្រុមហ៊ុន ញូញៀន មករកទីតាំងខាងលើដើម្បីរស់នៅអាស្រ័យ ប៉ុន្តែឥឡូវមកជួបបញ្ហាជាមួយក្រុមហ៊ុន អាន កូ រឹងតែប៉ះពាល់បន្ថែមទៀត ដោយលោកចាត់ទុកថា នេះជាសំណើស្របច្បាប់របស់ពលរដ្ឋកំពុងរងផលប៉ះពាល់ មិនអាចពន្យារពេលវេលាបានបន្តឡើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?