ព័ត៌មានជាតិ
ស្ថាប័នបីចាប់ដៃបង្កើតឱកាសរួមគ្នារវាងកម្ពុជា-ជប៉ុន ផ្អែកលើទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាលា Yokohama Management school based on philosophy នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានវត្តមានលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលរួមផងដែរ។

គោលបំណងនៃ MOU នេះ គឺរួមបញ្ជូលទាំងការផ្តល់ថវិការឧបត្ថម្ភពី Yokohama Management school based on philosophy ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុងការបកប្រែសៀវភៅរបស់លោក Inamori ដែលមានចំណងជើងថា “Ikikata” (“生き方” ជាភាសាជប៉ុន ឬ ”A compass to fulfillment ” ជាភាសាអង់គ្លេស) និងពីភាសាជប៉ុនមកជាភាសាខ្មែរ ដោយបោះពុម្ពផ្សាយសៀវភៅនេះ នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា ពិធីចុះ MOU នេះពិតជាពិសេសខ្លាំងណាស់ ព្រោះកើតឡើងរវាងស្ថាប័នមិនមែនរដ្ឋាភិបាលចំនួនបី។ មានន័យថា រវាងមនុស្ស និងមនុស្ស កម្ពុជា និងជប៉ុន។ លោកបញ្ជាក់ថា នៅក្នុងពិធីនេះដែរ លោក Ikeda និងលោក Hamada បានធ្វើដំណើរមកពីប្រទេសជប៉ុន ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគាត់ ជាមួយយើងទាំងអស់គ្នា អំពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោក Inamori ហៅថា Ikikata ឬជាភាសាខ្មែរថា «របៀបរស់នៅ» កំពុងត្រូវបានបកប្រែជាភាសាខ្មែរ ដោយមានជំនួយពីលោក Hamada។

លោក Hamada Soichiro តំណាង Yokohama Management school based on philosophy និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Ryochi Keiei Co., Ltd បានលើកឡើងដែរថា លោក Inamori បានចែកឋានទៅនៅខែ សីហា ឆ្នាំ ២០២២ ក្នុងអាយុ ៩០ឆ្នាំ។ បើទោះជាលោក Inamori បានចែកឋានក៏ពិតមែន តែទស្សនវិជ្ជា និងខ្លឹមសារនៃមេរៀនរបស់គាត់ នៅតែរស់រានមានជីវិតបន្ត និងមានសារសំខាន់សម្រាប់ប្រទេសជប៉ុន ក៏ដូចជាកម្ពុជា និងប្រទេសផ្សេងៗ នៅលើពិភពលោកផងដែរ។ លោកបន្តថា តាមរយៈទស្សនវិជ្ជាសៀវភៅរបស់លោក Inamori នឹងជួយឱ្យប្រជាជនទាំងអស់បានរៀនសូត្រ និងប្រើប្រាស់នៅក្នុងធុរកិច្ចការធ្វើជំនួញ ដើម្បីបង្កើតកម្រិតជីវភាពកាន់តែរីកចម្រើន។

លោក Ikeda Naruo អង្គភាពប្រតិបត្តិការបណ្ណាល័យ Inamori, Kyocera Corporation បានគូសបញ្ជាក់ថា ទស្សនវិជ្ជារបស់លោក Inamori គឺជាគំនិតដើម្បភាពរីកចម្រើនការអភិវឌ្ឍមនុស្ស និងស្ថាប័ន។ លោក Inamori បាននិពន្ធសៀវភៅខ្លួនឯង បានចំនួន ៥៥ចំណងជើង និងមានសៀវភៅនិពន្ធរួមសរុបចំនួន១៨ចំណងជើង ដែលសរុបបោះពុម្ពផ្សាយទូទាំងសកលមានចំនួន ២២លានក្បាល ជាពិសេសសៀវភៅ Ikikata មានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានបកប្រែជា ១៦ភាសា។

លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានថ្លែងកោតសរសើរទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ដែលមានខ្លឹមសារអប់រំដ៏អស្ចារ្យ។ ជាមួយនឹងឱកាសកាន់តែច្រើនក្នុងការស្វែងយល់អំពីទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ជឿជាក់ថា ធុរកិច្ចនៅកម្ពុជា អាចកសាងក្រមសីលធម៌អាជីវកម្មរបស់ពួកគេ កាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល រលូន រួមជាមួយការសិក្សាពីទស្សនវិជ្ជា និងសិលធម៌ ដោយផ្អែកលើព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ពិធីចុះ MOU រវាងអង្គការមិនមែនរដ្ឋាភិបាលទាំងបី អាចរំពឹងថា ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន នឹងមានការរីកចម្រើនបន្ថែមទៀតនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន តាមរយៈការផ្លាស់ប្តូរគំនិតក្នុងវិស័យធុរកិច្ច។ ចំណុចនេះ ក៏នឹងបម្រើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ជប៉ុន ខណៈប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៧០នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ