ព័ត៌មានជាតិ
តោះ! ស្វែងយល់ មន្ត្រីរាជការស៊ីវិលទទួលបានប្រាក់អត្ថប្រយោជន៍អីខ្លះពេលបំពេញការងារ?
រដ្ឋាភិបាលបានលើកទឹកចិត្តដល់មន្រ្តីរាជការ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពតាមរយៈការដំឡើងប្រាក់បៀវត្សនិងការឧបត្ថម្ភផ្សេងៗ។
កម្ពុជាថ្មីបង្ហាញជ្រុងមួយជុំវិញការផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗដល់មន្រ្តីរាជការស៊ីវិលក្នុងក្របខ័ណ្ឌមុខងារសាធារណៈ។
ស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការស៊ីវិលអនុវត្តប្រព័ន្ធបៀវត្សដោយច្របាច់ចូលគ្នារវាងប្រព័ន្ធអាជីពនិងប្រព័ន្ធនិយោជន៍។ ប្រព័ន្ធអាជីពផ្អែកទៅតាមប្រភេទក្របខ័ណ្ឌ ( ក ខ គ ឃ ឋានន្តរសក្ដិ និងថ្នាក់នីមួយៗ។ ដោយឡែកប្រព័ន្ធនិយោជន៍ ផ្អែកលើមុខងារឬមុខតំណែងរបស់មន្ត្រីរាជការនីមួយៗហៅថាប្រាក់បំណាច់មុខងារ។
តើមន្រ្តីរាជការស៊ីវិលទទួលបានប្រាក់ឧបត្ថម្ភអ្វីខ្លះ?
១-បៀវត្សមូលដ្ឋាន
បៀវត្សមូលដ្ឋាន គឺជាប្រាក់ប្រចាំខែ ដែលផ្ដល់ជូនមន្ត្រីរាជការសម្រាប់ជីវភាពរស់នៅក្នុងនោះមាន គ្រឿងឧបភោគ បរិភោគ ការស្នាក់នៅ សំលៀកបំពាក់ ការព្យាបាលជំងឺជាដើម។
២–ប្រាក់បំណាច់មុខងារ
ប្រាក់បំណាច់មុខងារ ផ្ដល់បន្ថែមពីលើប្រាក់បៀវត្សមូលដ្ឋានជូនដល់មន្ត្រីរាជការទៅតាមតួនាទី មុខដំណែង បទពិសោធន៍ការងារ និងប្រសិទ្ធភាពការងារ។ ប្រាក់បំណាច់មុខងារបែងចែកចេញជាបីប្រភេទ គឺ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យរដ្ឋបាល។ មន្ត្រីមានមុខងារដូចគ្នា តែបើអតីតភាពការងារខុសគ្នា នឹងមានប្រាក់បំណាច់មុខងារខុសគ្នាដែរ។
ប្រាក់បំណាច់មុខងារត្រូវបាន បែងចែកជា ៥ កម្រិត ទៅតាមរយៈពេលនិងបទពិសោធន៍ការងារក្នុងមុខតំណែងនីមួយៗ ដូចខាងក្រោម៖
-កម្រិតទី ៥ សម្រាប់បទពិសោធន៍រយៈពេលក្រោម ០៣ ឆ្នាំ
-កម្រិតទី ៤ សម្រាប់បទពិសោធន៍រយៈពេលពី ០៣ ទៅ ០៦ ឆ្នាំ
-កម្រិតទី ៣ សម្រាប់បទពិសោធន៍រយៈពេលពី ០៦ ទៅ១០ ឆ្នាំ
-កម្រិតទី ២ សម្រាប់បទពិសោធន៍រយៈពេលពី ១០ ទៅ ១៦ ឆ្នាំ
-កម្រិតទី ១ សម្រាប់បទពិសោធន៍រយៈពេលលើសពី ១៦ ឆ្នាំ
ប្រាក់បំណាច់មុខងារអនុវត្តចំពោះមន្ត្រីដែលមានមុខដំណែង ចាប់ពីអគ្គនាយកចុះរហូតមកដល់មន្ត្រីលេខាធិការ (មន្ត្រីក្របខ័ណ្ឌគ)។ ចំណែកប្រាក់បំណាច់បន្ថែម អនុវត្តចំពោះមន្ត្រីដែលមានមុខងារនយោបាយចាប់ពីអនុរដ្ឋលេខាធិការ និងសមាជិករាជរដ្ឋាភិបាល (អនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០០៤ ស្តីពីប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ទីប្រឹក្សានិងកងកំលាំងប្រដាប់អាវុធចាប់ពីអនុរដ្ឋលេខាធិការឡើងទៅ) ប្រាក់ ឧបត្ថម្ភអនុវត្តចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ (អនុក្រឹត្យលេខ ២១៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែ ឆ្នាំ ២០០៩ ស្តីពីការកំណត់ប្រាក់ឧបត្ថម្ភចំពោះសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ)។
៣-ប្រាក់ហានិភ័យ
ប្រាក់ហានិភ័យ គឺជាប្រាក់ប្រចាំខែសម្រាប់ផ្តល់ជូនដល់មន្ត្រីរាជការទាំងឡាយណា ដែលត្រូវចាត់ឱ្យទៅបម្រើការងារ ឬបម្រើការងារនៅក្នុងមុខងារ ឬ ទីកន្លែងដែលមានគ្រោះថ្នាក់ ជំងឺឆ្លង ការងារប៉ះពាល់សុខភាព ការងារដែលបណ្តាលឱ្យខូចសុខភាព ដូចជា កន្លែងក្តៅ សើម មានធូលីច្រើន ឬពុល ចំហាយ ជាតិពុល ឬជាតិគីមី សម្លេងខ្ទ័រខ្លាំង ក្លិនស្អុយ និងតំបន់គ្រុនចាញ់ ។
មុខងារដែលប៉ះពាល់សុខភាព និងតំបន់ហានិភ័យព្រមទាំងប្រាក់ហានិភ័យ នឹងត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក។
៤-ប្រាក់វិភាជន៍គ្រួសារ
ប្រាក់វិភាជន៍គ្រួសារ គឺជាប្រាក់ប្រចាំខែ ដែលផ្ដល់ជូនមន្ត្រីរាជការជាមេគ្រួសារ សម្រាប់ប្រពន្ធ កូន និងកូនចិញ្ចឹមស្របច្បាប់នៅក្នុងបន្ទុក។ ប្រាក់វិភាជន៍សម្រាប់កូនអាចបន្តផ្តល់ជូនរហូតដល់អាយុ ២១ ឆ្នាំ ក្នុងករណីមានលិខិតបញ្ជាក់ការសិក្សា។
៥-ប្រាក់កម្រៃគរុកោសល្យ
ប្រាក់កម្រៃគរុកោសល្យ គឺជាប្រាក់បន្ថែមលើប្រាក់បំណាច់មុខងារប្រចាំខែដែលផ្ដល់ជូនមន្ត្រីរាជការក្នុងវិស័យអប់រំ ហើយដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យ។ ប្រាក់គរុកោសល្យ ត្រូវបានផ្តល់ជូនទៅតាមក្របខណ្ឌនៃមន្រ្តីរាជការ។
៦-ប្រាក់បំណាច់ជីវភាព
ផ្ដល់ជូនមន្ត្រីរាជការស៊ីវិល កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងជនពិការ ជនបាត់បង់សមត្ថភាពការងារ ជនបាត់បង់សមត្ថភាពពលកម្ម គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលការលំបាករបស់មន្ត្រីរាជការ។ ប្រាក់បំណាច់ជីវភាពនេះអនុវត្តម្តងមួយឆ្នាំ មិនមែនជាប្រាក់បំណាច់អចិន្ត្រៃយ៍ទេ។
៧-ប្រាក់របបបេសកកម្ម
មន្ត្រីរាជការស៊ីវិល ដែលបំពេញបេសកកម្មនៅក្នុង និងក្រៅទេសទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។
ប្រាក់របបបេសកកម្មផ្ដល់ជូនមន្ត្រីរាជការទៅតាមមុខតំណែង និងទីតាំងជាគោលដៅនៃបេសកកម្ម។ ប្រាក់របបបេសកកម្ម រួមមានប្រាក់ហោប៉ៅ ប្រាក់សម្រាប់ហូបចុក និងស្នាក់នៅ ហើយអត្រានៃប្រាក់របបបេសកកម្មខុសគ្នា ទៅតាមចម្ងាយនៃទីតាំងជាគោលដៅនៃបេសកកម្ម។ ប្រាក់របបពិសេសត្រូវបានផ្តល់ជូនមន្ត្រីជាន់ខ្ពស់ ដែលមានឋានៈចាប់ពីថ្នាក់អគ្គលេខាធិការ អគ្គនាយក ឬមន្ត្រីថ្នាក់ស្មើមុខតំណែងនេះឡើងទៅ។
លើសពីនេះ របបបេសកកម្មដោយឡែកត្រូវបានផ្ដល់ជូនមន្ត្រីរាជការ ដែលចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិស្ថិតនៅក្នុងរាជធានីខេត្ត នៅក្រៅពីកន្លែងដែលខ្លួនបំពេញការងារ។ ជាគោលការណ៍ប្រាក់របបបេសកកម្មកំណត់ខ្ពស់បំផុតត្រឹម ១០ ថ្ងៃ។ ក្នុងករណីគ្មានមធ្យោបាយធ្វើដំណើររបស់រដ្ឋ សោហ៊ុយធ្វើដំណើរនេះត្រូវបានដោះស្រាយជូនតាមវិក្កយបត្រជាក់ស្តែង។
ក្រៅពីនេះដែរ រដ្ឋាភិបាលក៏មានគោលនយោបាយសន្តិសុខសង្គម។ មន្ត្រីរាជការស៊ីវិលទទួលបានគោលនយោបាយ ធានារ៉ាប់រងសង្គមដែលមានដូចជា ការចូលនិវត្តន៍ បាត់បង់សម្បទាវិជ្ជាជីវៈ លំហែមាតុភាព គ្រោះថ្នាក់ការងារ និងទទួលមរណភាព។
នៅឆ្នាំ ២០០៨ រាជរដ្ឋាភិបាលបានបង្កើតបេឡាជាតិសន្តិសុខសង្គម ( ប.ជ.ស) ក្នុងទម្រង់ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានបេសកកម្មផ្តល់សេវាផ្នែកសង្គមកិច្ច។ ប.ជ.ស. ក៏មានតួនាទីគ្រប់គ្រង បើកផ្តល់របបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ការលំហែមាតុភាព គ្រោះថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក