Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋនៅភ្នំពេញ មិនបានធ្វើឲ្យប៉ះពាល់ដល់ភារកិច្ចដទៃទៀតឡើយ

បានផុស

នៅ

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ មិនបានប៉ះពាល់ដល់ភារកិច្ចដទៃទៀត របស់មន្ត្រីនគរ​បាលមូលដ្ឋានឡើយ ពីព្រោះមានការបែងចែកភារកិច្ចគ្នាច្បាស់លាស់ ដោយមន្ត្រីនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណនេះ ជាមន្ត្រីជំនាញអត្តសញ្ញាណកម្មប៉ុណ្ណោះ​ មិនពាក់ព័ន្ធនឹងមន្ត្រីជំនាញផ្សេងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីមានមតិមួយចំនួនឆ្ងល់ថា នៅពេលមន្ត្រីនគរបាលមូលដ្ឋាន ជាពិសេសថ្នាក់ប៉ុស្ដិ៍ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ចុះភារកិច្ចផ្សេងទៀត ដូចជា៖ ការពារសន្តិសុខ, រៀបចំសណ្ដាប់ធ្នាប់, សម្រួលចរាចរណ៍, និងការពារក្បួនថ្នាក់ដឹកនាំជាដើមនោះ ថាតើអាចប៉ះពាល់ដែរឬទេ ខណៈមន្ត្រីនគរបាលប៉ុស្ដិ៍មិនមានចំនួនច្រើន ផងនោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្នុងរយៈពេល ៨ថ្ងៃ នៃយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ នៅទូទាំងរាជធានីភ្នំពេញ គឺធ្វើបានចំនួន ៧,៨៧០នាក់ហើយ។

ទាក់ទងនឹងយុទ្ធនាការនេះ ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ បានចូលរួមសហការ និងមកធ្វើអត្តសញ្ញាណប័ណ្ណយ៉ាងច្រើនកុះករ ហើយក៏បានសាទរចំពោះយុទ្ធនាការ របស់សមត្ថកិច្ចរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ​បាលរាជធានីភ្នំពេញ ជាខ្លាំង។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «គាត់ (ប្រជាពលរដ្ឋ)ថាល្អ ត្រង់ថា សមត្ថកិច្ចធ្វើដល់ពេលយប់ ចឹងគាត់ចេញពីការងារមក គាត់អាចឆ្លៀតពេលធ្វើបាន ដោយសារសមត្ថកិច្ចចុះធ្វើដល់តាមភូមិ និងដល់ខ្នងផ្ទះរបស់ពួកគាត់តែម្ដង ដែលមានភាពងាយស្រួលមែនទែន»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ចំពោះការប្រើប្រាស់កម្លាំងមន្ត្រីនគរបាល ចុះធ្វើអត្តសញ្ញាណជូនប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ភារកិច្ចដទៃទៀតឡើយ ព្រោះមន្ត្រីនគរបាលដែលធ្វើចុះធ្វើនោះ សុទ្ធតែជាមន្ត្រីជំនាញអត្តសញ្ញាណកម្ម។

លោកថា «ទាក់ទងនឹងការប្រើប្រាស់កម្លាំងនេះ គឺមិនមានប៉ះពាល់ដល់កិច្ចការងារផ្សេងៗទេ គឺគេមានការបែងចែកទទួលខុសត្រូវដាច់ដោយឡែក ហើយការចូលរួមធ្វើនេះ គឺមានទាំងខាងការិយាល័យអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ អធិការនគរបាលខណ្ឌ និងប៉ុស្ដិ៍ គឺយើងប្រើប្រាស់ជំនាញខាងការិយាល័យ ដែលគាត់មានជំនាញខាងអត្តសញ្ញាណកម្ម​តែម្ដង»។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ នឹងបន្តធ្វើរហូតដល់គ្រប់តាមផែនការ ដែលបានកំណត់។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណ នេះត្រូវការពេលវេលារយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម