ព័ត៌មានជាតិ
ពលរដ្ឋភូមិចូលរមណីយដ្ឋានទន្លេបាទី ឆ្ងល់ផ្លូវបើកការដ្ឋានរួចទុកចោលរាប់ខែ
ធ្លាប់ជាផ្លូវដីដែលអ្នកភូមិធ្វើដំណើររាប់ឆ្នាំ បានឈានទៅបើកការដ្ឋានគ្រោងអ៊ុតកៅស៊ូ ប៉ុន្តែមិនទាន់បញ្ចប់ទាំងស្រុងផង ក៏ផ្អាកកណ្តាលទីធ្វើឲ្យពលរដ្ឋមានចម្ងល់ពីមូលហេតុនាំឲ្យការងារមិនបន្តទៅមុខ។
ពលរដ្ឋរស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវមួយខ្សែនេះបានចាប់ផ្តើមឈូសឆាយដោយកន្លែងខ្លះចាក់បេតុងបានខ្លះៗ ក្រោយមកមិនដឹងយ៉ាងម៉េចបានផ្អាកហើយដឹកគ្រឿងចក្រទៅវិញអស់។



អ្នកភូមិបន្តថា ជាង ៣ ខែដែលផ្លូវនេះសាងសង់មិនទៅមុខនៅកណ្តាលទី។ ប្រភពពលរដ្ឋដដែលបានបន្តថា ពេលបើកការដ្ឋានដំបូង ឃើញកម្មករសម្រុកធ្វើរំពឹងនឹងបញ្ចប់បានលឿន តែមិនដឹងមានមូលហេតុអ្វីក៏ផ្អាកទៅវិញយ៉ាងតន់ហន់។
បើតាមប្រភពពីអ្នកភូមិ ផ្លូវនេះចាប់ផ្តើមធ្វើក្នុងពេលដែលក្រុមហ៊ុនឡេង ណាវ៉ាត់ត្រាទទួលបានគម្រោងវិនិយោគនៅតំបន់ភ្នំតាម៉ៅ។ ប៉ុន្តែក្រោយក្រុមហ៊ុនដកខ្លួនក្រោយប្រតិកម្មពីមហាជនហើយរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្អាកគម្រោងវិនិយោគទៅវិញ ដំណើរការការដ្ឋានក៏លែងទៅមុខ។
បើតាមអ្នកភូមិ ផ្លូវនេះគ្រោងចាក់បេតុងនិងអ៊ុតកៅស៊ូពីលើបន្ថែមទៀតផង។
កម្ពុជាថ្មីបានទំនាក់ទំនងទៅលោក ភួន ឈីម អភិបាលស្រុកបាទីតែលោកបដិសេធមិនទទួលការឆ្លើយតាមទូរសព្ទ ដោយស្នើឲ្យទំនាក់ទំនងទៅមន្ត្រីព័ត៌មាននៅសាលាស្រុកផ្ទាល់។
ដោយឡែកកម្ពុជាថ្មីបានទាក់ទងបន្តទៅប្រធានមន្ទីរសាធារណការខេត្តតាកែវលោក ណុប នី នៅថ្ងៃនេះដែរ តែលោកបញ្ជាក់ថា កំពុងជាប់ប្រជុំនៅខេត្តកំពតមិនអាចផ្តល់បទសម្ភាសន៍បានទេ។
ពលរដ្ឋក្នុងភូមិម្នាក់ដែលទើបចាប់ផ្ដើមបើកមុខរបរថ្មីថ្មោងនៅលើកំណាត់ផ្លូវដែលសាងសង់ទុកចោលបានលើកឡើងថា បច្ចុប្បន្នផ្លូវនេះមានរថយន្តធំៗបើកឆ្លងកាត់ច្រើន ហើយតាមដឹងជារថយន្តដឹកសម្ភារៈទៅការដ្ឋានស្ថាបនាព្រលានថ្មីនៅខេត្តកណ្តាល។
កាលពីខែកុម្ភៈឆ្នាំ ២០២២ អាជ្ញាធរស្រុកបាទីបានជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ និងសាធារណៈជន ដែលមានលំនៅដ្ឋាន របង និងតូបលក់ដូរអមសងខាងតាមបណ្ដោយផ្លូវខេត្តលេខ ១២០B ឆ្លងកាត់ភូមិ ទន្លេបាទី ភូមិថ្នល់ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ដើម្បីត្រៀមបើកការដ្ឋានធ្វើការជួសជុលពង្រីក ដោយចាក់ក្រាលកៅស៊ូ (DBST) ប្រវែង៤.៥៩០ម ចាប់ពីចន្លោះគ.ម០៦+០០០ ដល់ គ.ម ១៣+៩៥០។
ក្នុងសេចក្តីជូនដំណឹងក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ ហើយដែលបានសាងសង់រួចនិងកំពុងសាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈ ត្រូវរុះរើនិងរំកិលយ៉ាងតិចអោយបាន ២០ម៉ែត្រ ពីអ័ក្សផ្លូវសងខាងត្រឹមថ្ងៃ ០២ មីនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ផ្លូវចូលរមណីយដ្ឋានទន្លេបាទីដែលបើកការដ្ឋានសាងសង់មិនទាន់រួចទុកចោលនេះជាផ្លូវដ៏សំខាន់ភ្ជាប់ពីផ្លូវជាតិលេខ ២ រហូតដល់ផ្លូវជាតិលេខ ៣ ដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ។ ដោយសារឃើញស្ថានភាពការស្ថាបនាហាក់មិនមានវិវឌ្ឍទៅមុខ ពលរដ្ឋជាច្រើនភូមិបានស្នើឲ្យអាជ្ញាធរជួយបញ្ចប់ការស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះឲ្យចប់ចុងចប់ដើម ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូន ក៏ដូចជាបានសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរចូលមកកម្សាន្តរមណីយដ្ឋានទេសចរណ៍មួយនេះ៕



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល