ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋខ្មែរនៅអឺរ៉ុបជាង ២ពាន់នាក់ មកជួបសម្ដេចនាពេលនេះ មិនមានការគាបសង្កត់ ឬការទិញដូរឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ដែលបានមកជួបសម្ដេចនាពេលនេះ មិនមានការគាបសង្កត់ ទិញទឹកចិត្ត ឬជួលឲ្យមកជួបនោះឡើយ ហើយសម្ដេចស្នើឲ្យបញ្ចប់ភាសានេះ នៅក្នុងពេលណាមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូថា ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលនេះ មិនមែនជាការទិញទឹកចិត្ត គាបសង្កត់ ឬជួលឲ្យមកជួបនោះឡើយ។ ម្យ៉ាងទៀត សម្ដេចតេជោ លើកឡើងថា ភាសានៃទិញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេចនោះ គួរតែត្រូវបានបញ្ចប់ក្នុងពេលណាមួយ ព្រោះភាសានេះគឺជាការបំពានលើសិទ្ធិសេរីភាព នៃសតិសម្បជញ្ជៈរបស់ប្រជាពលរដ្ឋខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើកមើលឃើញក្មួយៗ និយាយថា ប្រើពាក្យថា គ្មាននរណាគាបសង្កត់ អញ្ចឹងមានន័យថា ពួកគេបានបំផុសនូវពាក្យពេចន៍ថា ការមកជួបនេះ ត្រូវបានទទួលការគាបសង្កត់ ឬការទិញដូរ ប្រហែលជាភាសានេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បជញ្ជៈ ឬសម្រាប់សិទ្ធិពលរដ្ឋ តើអ្នកទាំងអស់គ្នា ដែលមកទីនេះក្រោមការគំរាមកំហែងរបស់អ្នកណា?»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា មិនថាតែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសទេ សូម្បីតែប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ក៏រាជរដ្ឋាភិបាលគ្មានសិទ្ធិគាបសង្កត់ ដើម្បីឲ្យពួកគាត់ត្រូវតែចូលរួមពិធីបុណ្យនេះ ចូលរួមកម្មវិធីនោះ នោះឡើយ លើកលែងតែមានការចាត់តាំងណាមួយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ប៉ុន្តែការជួបជុំបែបនេះ អត់មានទេ អ្នកចង់មកក៏មក អ្នកមិនចង់មកគឺជាសិទ្ធិ ខ្ញុំមិនយល់ថា អ្នកដែលបានមកនៅលើទឹកដី ដែលគេហៅថា ទឹកដីប្រជាធិបតេយ្យ បែរជាចេះប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជាទម្លាប់របស់ពួកគេទេដឹង ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ»។
គួរកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួន នៃតំបន់អឺរ៉ុប បានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
មតិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ពិធីសំណេះសំណាលនេះ ធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ