ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សន្តិភាពសកល បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា សន្តិភាព សកល បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាបើកក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្មារតី, មនសិការ និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់អាស៊ាន និងអឺរ៉ុប បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាពឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំង ៣របស់អាស៊ាន។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០១៨-២០២២។

បើតាមសម្ដេចតេជោ ហ៊ុន សែន កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុងទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឲ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាព សកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្រាប់ដំណើរឆ្ពោះទៅមុខ, សម្ដេចជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ, អាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋាន និងគោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និងស្ថិរភាព និងការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ទាំងពីរ ក៏ដូចជាពិភពលោក។
ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និងបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្មនៅកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាម នោះឡើយ។ ក្នុងន័យនេះ, សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមដោយស្មោះថា «យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង»៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?