ព័ត៌មានជាតិ
តើមន្ត្រីកម្ពុជាណាខ្លះដែលកំពុង និងធ្លាប់បម្រើការងារនៅសាលាក្ដីខ្មែរក្រហម ?
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការពិសេសមួយដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្ដរជាតិ តាមរយៈអង្គការសហប្រជាជាតិ ហើយតុលាការនេះ ត្រូវបានសាធារណជនស្គាល់ថា «តុលាការខ្មែរក្រហម»។ ដោយមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ តុលាការខ្មែរក្រហមនេះ បានប្រព្រឹត្ដទៅនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ទាំងមន្ដ្រី និងចៅក្រមកម្ពុជា គួបផ្សំជាមួយមន្ដ្រី និងចៅក្រមអន្ដរជាតិ ដើម្បីឲ្យដំណើរការនៃការកាត់ក្ដីធានាបាននូវយុត្ដិធម៌ជាលក្ខណៈអន្ដរជាតិ។ ដូច្នេះ តើមន្ត្រីកម្ពុជារូបណាខ្លះ កំពុងបម្រើការងារនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា? ហើយអ្នកទាំងនោះ មានតួនាទី និងកាន់លើកិច្ចការអ្វីខ្លះ?

១/ លោក ហែម ក្រាញ់តូនី
លោក ហែម ក្រាញ់តូនី មានតួនាទីជាប្រធានការិយាល័យរដ្ឋបាល ដែលការិយាល័យរដ្ឋបាលនេះ មានតួនាទីផ្ដល់សេវាកម្មដល់អង្គជំនុំជម្រះ ការិយាល័យសហចៅក្រមស៊ើបអង្កេត សហព្រះរាជអាជ្ញា និងការិយាល័យផ្សេងៗទៀត។ លោក ហែម ក្រាញ់តូនី ក្នុងនាមជាប្រធានការិយាល័យរដ្ឋបាល បានផ្ដល់កិច្ចសម្របសម្រួលទូទៅ និងការណែនាំសម្រាប់ផ្នែក និងអង្គភាពផ្សេងៗនៅក្រោមចំណុះការិយាល័យរដ្ឋបាល ដើម្បីធានានូវការគាំទ្រពេញទំហឹងដល់ដំណើរការតុលាការ។
បើនិយាយអំពីប្រវត្តិវិញ គឺលោក ហែម ក្រាញ់តូនី ទទួលបានការបណ្ដុះបណ្ដាលនៅប្រទេសបារាំង ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ជំនួញ និងច្បាប់ការងារ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរ គឺបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់សង្គម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបណ្ដុះបណ្ដាលរដ្ឋបាល នៅសាកលវិទ្យាល័យប៉ារីស។

ក្នុងឆ្នាំ១៩៩៣ លោក បានត្រឡប់មកកម្ពុជាវិញ ដោយធ្វើជាទីប្រឹក្សាផ្នែកច្បាប់ឲ្យគណៈកម្មការការងារនៃសភាធម្មនុញ្ញ ក្រោយការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។ បន្ទាប់មក លោក ហែម ក្រាញ់តូនី បានចូលបម្រើការងារនៅទីស្ដីការណៈរដ្ឋមន្ដ្រី ហើយបានទទួលការតែងតាំងតួនាទីជាបន្ដបន្ទាប់ ជាអាទិ៍ ទីប្រឹក្សាផ្នែកច្បាប់របស់ទេសរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ដ្រី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាទីប្រឹក្សាច្បាប់របស់ក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម។ ក្នុងឆ្នាំ២០០៤ លោក ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយដល់បច្ចុប្បន្ននេះ លោកកំពុងកាន់តំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកការងារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
២/ លោក នេត្រ ភក្ត្រា
នៅពេលបច្ចុប្បន្ននេះ លោក នេត្រ ភក្ត្រា កំពុងកាន់មុខតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន។ ទន្ទឹមនេះ លោក ក៏មានតួនាទីជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។ តួនាទីជាប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យនេះ លោក នេត្រ ភក្ត្រា តែងតែបានផ្ដល់កិច្ចសហការល្អជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ ក៏ដូចជា ព័ត៌មាននានា រួមទាំងការធ្វើបទបង្ហាញដល់សិស្សនិស្សិត យុវជន និងសាធារណជនទូទៅទាក់ទងទៅនឹងដំណើរការរបស់សាលាក្ដីខ្មែរក្រហម។

លោក នេត្រ ភក្ត្រា គឺជាអតីតអ្នកសារព័ត៌មានមួយរូប ប្រកបដោយបទពិសោធ និងចំណេះដឹង ដោយលោកធ្លាប់បម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឲ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ធ្លាប់បានទៅសិក្សានៅប្រទេសបារាំង ផងដែរ។
៣/ លោកស្រី ជា លាង
លោកស្រី ជា លាង ជាសហព្រះរាជអាជ្ញាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ទាប់ពីអង្គជំនុំជម្រះនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៦។ ក្នុងនាមជាសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម លោកស្រី បានធ្វើការចោទប្រកាន់ជនជាប់ចោទជាមេដឹកនាំកំពូលៗ ក្នុងរបបខ្មែរក្រហមជាបន្តបន្ទាប់ ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់។ ដោយផ្អែកលើបទពិសោធនេះ ក្នុងឆ្នាំ២០០៩ លោកស្រី ជា លាង ក៏ទទួលការតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ហើយជាស្រ្តីទី១ ដែលកាន់តំណែងកំពូលនេះនៅស្ថាប័នតុលាការ នាពេលបច្ចុប្បន្ន។ តាមរយៈតួនាទីនេះ លោកស្រីបានបំពេញការងារយ៉ាងសកម្មលើកិច្ចការច្បាប់ និងតុលាការនៅកម្ពុជាដែលភាគច្រើន គឺលោកស្រីធ្វើលើកិច្ចការព្រហ្មទណ្ឌ។

លោកស្រី ជា លាង ជាអតីតនិស្សិតអាហារូបករណ៍ដែលទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ជំនាញនីតិសាស្ត្រ ដោយលោកស្រីបានចំណាយពេលសិក្សាប្រមាណ ៧ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត នៅសាកលវិទ្យាល័យ Martin Luther នៅឆ្នាំ ១៩៩៥។ ទន្ទឹមនេះ លោកស្រីក៏ទទួលបានវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទៀត នៅប្រទេសដាណឺម៉ាក ប្រទេសជប៉ុន និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតរឿងក្ដីព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
៤/ លោក យូ ប៊ុនឡេង
លោក យូ ប៊ុនឡេង មានតួនាទីជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហម។ សព្វថ្ងៃ លោក យូ ប៊ុនឡេង គឺជាអនុប្រធានតុលាការកំពូល បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីឆ្នាំ២០០៧។ មុនពេលតែងតាំងនេះ លោកបានបម្រើការងារនៅក្រសួងយុត្តិធម៌អស់រយៈពេលប្រមាណ ១១ឆ្នាំ ក្នុងតួនាទីជាប្រធានការិយាល័យកិច្ចការបណ្តឹងរដ្ឋប្បវេណី។

លោក យូ ប៊ុនឡេង បានទទួលសញ្ញាបត្របរិញ្ញាបត្រច្បាប់នៃសាកលវិទ្យាល័យហូជីមិញ ប្រទេសវៀតណាម និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រៅពីមន្ត្រីទាំងបួនខាងលើនេះ ក៏មានមន្ត្រីតុលាការកម្ពុជាមួយចំនួនទៀត បាននិងកំពុងបំពេញការងារនៅ អ.វ.ត.ក ដែលភាគច្រើនជាចៅក្រមជំនុំជម្រះ ជាអាទិ៍ លោក គង់ ស៊្រីម ជាប្រធានអង្គជំនុំជម្រះតុលាការកំពូល និងជាចៅក្រមជាតិប្រចាំការនៅ អ.វ.ត.ក និងលោក និល ណុន ជាប្រធានអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក ជាដើម។ ដោយឡែក លោក ឌឹម សុវណ្ណារុំ ក៏ធ្លាប់ធ្វើជាមន្ត្រីផ្នែកកិច្ចការសាធារណៈផងដែរ មុនពេលដែលលោកត្រូវមកបំពេញតួនាទីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់