ព័ត៌មានជាតិ
ក្រសួងរ៉ែ នឹងសង់ស្ថានីយផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាល ចំនួន ៩
ក្រសួងរ៉ែ និងថាមពល នឹងសាងសង់ស្ថានីយផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យនៅភូមិដាច់ស្រយាលចំនួន ៩ ក្នុងខេត្តរតនគីរី និងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាជនទទួលបានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយថាមពលស្អាត និងមានតម្លៃសមរម្យ។

លោក ហេង គុណលាង អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ ធ្នូនេះថា គម្រោងថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ដាច់ស្រយាល បានចាប់ផ្ដើមអនុវត្តចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកអគ្គនាយកបានបន្តថា គម្រោងនេះ មានការគាំទ្ររបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រសួងរ៉ែ និងថាមពល ដែលមានថវិកាសរុបចំនួន ២០០ លានយេន ប្រហាក់ប្រហែល ១,៦២ លានដុល្លារអាមេរិក ដើម្បីផ្ដល់ឲ្យប្រជាជនចំនួន ១៣០០ ខ្នងផ្ទះ នូវការផ្គត់ផ្គង់អគ្គិសនីមួយដែលប្រើប្រាស់ថាមពលស្អាត មានតម្លៃសមរម្យ និងអាចទុកចិត្តបាន តាមរយៈការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីខ្នាតតូចដើរដោយពន្លឺព្រះអាទិត្យ។

លោកអគ្គនាយកបានបន្តទៀតថា គម្រោងនេះ នឹងអនុវត្តនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី។ ក្នុងនោះខេត្តកំពង់ឆ្នាំងមាន ៦ ភូមិ គឺភូមិប្រឡាយមាស ភូមិក្រងផ្តិល ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ភូមិដំណាក់រាជ្យ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងភូមិថ្នល់ឈើទាល ភូមិពាមខ្នង និងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ហើយខេត្តរតនគិរី មានចំនួន ៣ ភូមិ គឺភូមិភិ ស្ថិតក្នុងឃុំសេសាន ភូមិតាបូក នៅឃុំតាវ៉ែងលើ និងភូមិប៉ាហ៊យ នៅឃុំកោះប៉ង់ ខេត្តរតនគិរី ។

ថ្មីៗនេះលោក ហេង គុណលាង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំង នៃការអនុវត្តគម្រោងថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ដាច់ស្រយាល នៅខេត្តរតនគិរី ដើម្បីកំណត់ទីតាំងដំឡើងសូឡា យន្តការ នៃការគ្រប់គ្រង និងការថែទាំដោយមាននិរន្តរភាព។

លោក ហេង គុណលាង បានបញ្ជាក់ថា គម្រោងនេះ នឹងចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឲ្យបាននូវការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់ភូមិទាំងអស់នៅកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាចូលរួមចំណែកគោលដៅប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ៕
អត្ថបទ ៖ សំអឿន






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ