ព័ត៌មានជាតិ
អេសស៊ីជី (SCG) ផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ២៧០នាក់
អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៧០ នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ខ្លួន ដែលធ្វើឲ្យចំនួន សិស្ស និងនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីរបស់ក្រុមហ៊ុន កើនឡើងដល់ជាង ១៥០០ នាក់ ក្រោយពេលអនុវត្តអស់រយៈពេល ៩ ឆ្នាំមកនេះ ។
ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០ នាក់ ដែលក្នុងនោះ ២៥០ នាក់ជាសិស្សវិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជានិស្សិត ដែលកំពុងបន្តការសិក្សារបស់ខ្លួននៅ សាកលវិទ្យាល័យនានា។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri)អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ការអប់រំត្រូវបានចាត់ទុកថាជាគោលដៅមួយក្នុងចំណោម គោលដៅធំបីនៃការងារទំនួលខុសត្រូវសង្គមពីក្រុមហ៊ុន អេសស៊ីជី ដែលការងារគោលដៅពីរផ្សេងទៀតរួមមាន ការថែទាំសុខភាព &សុខុមាលភាព និងបរិស្ថាន។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖ “ក្រុមហ៊ុន អេសស៊ីជី មានការប្ដេជ្ញាចិត្តក្នុងការបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសដែលយើងធ្វើប្រតិបត្តិការ ហើយការគាំទ្រដល់វិស័យអប់រំ គឺជាការងារសំខាន់មួយដើម្បីសម្រេចតាមវត្ថុបំណងមួយនេះ ។ ដូច្នេះ យើងជឿថា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សិស្ស និងនិស្សិតអាហារូបករណ៍ទាំងអស់នេះ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ស្ងប់ និងអាចផ្ដោតអារម្មណ៍លើការបន្តការសិក្សារបស់ខ្លួន ដោយពុំចាំបាច់បារម្ភពីសម្ពាធហិរញ្ញវត្ថុឡើយ។ យើងសង្ឃឹមថា តាមរយៈដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” នេះសិស្ស និងនិស្សិតនឹងអាចសម្រេចក្ដីសុបិនរបស់ខ្លួនទៅថ្ងៃអនាគត” ។
ពិធីប្រគល់អាហារូបករណ៍ មានការចូលរួមជាអធិបតី ដោយអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម រតនា និងឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន ។
ឯកឧត្តម សោម រតនា មានប្រសាសន៍ថា បណ្ដាក្រុមហ៊ុនឯកជន មានដូចជា អេសស៊ីជី ជាដើម សុទ្ធតែដើរតួនាទីសំខាន់នៅក្នុងការជួយគាំទ្រដល់ការងាររបស់រាជរដ្ឋាភិបាលលើវិស័យអប់រំនៅក្នុងប្រទេស ។ ឯកឧត្តម សោម រតនា បន្តថា៖ “ការផ្ដល់អាហារូបករណ៍ដល់ប្អូនៗដើម្បីសម្រេចក្ដីសុបិន គឺជារឿងសំខាន់ណាស់ ដោយសារថា អ្នកខ្លះ គាត់មានក្ដីសុបិន ប៉ុន្តែគាត់ខ្វះមធ្យោបាយ នៅក្នុងការឈានទៅដល់ក្ដីសុបិននោះ ។ ដូច្នេះហើយ បានជា ការជួយគ្នាឲ្យសម្រេចក្ដីសុបិន គឺជារឿងដែលសំខាន់សម្រាប់យើងទាំងអស់គ្នា” ។
ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា ក្នុងប្រទេសមួយ ដូចជាប្រទេសកម្ពុជាជាដើម ពុំមានអ្វីដែលប្រសើរជាងយុវជនជំនាន់ក្រោយ ដែលមានភាពខ្លាំង និងមានសក្ដានុពលនោះទេ ។
ឯកឧត្តម ឈើដគៀត អត្ថកនមានប្រសាសន៍ថា៖ “ការអប់រំ មិនត្រឹមតែជាការបើកទ្វាឲ្យមានឱកាសសម្រាប់បុគ្គលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយទ្រទ្រង់ដល់សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសផងដែរ ។ កម្ពុជាមានយុវជនយ៉ាងច្រើន ដែលមានទេពកោសល្យ និងសក្ដានុពល ដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលថែទាំ ហើយក្លាយជាកម្លាំងចលករសម្រាប់អនាគតរបស់កម្ពុជាទៅថ្ងៃអនាគត”។
ប្អូនប្រុស ខុម កែវ ជានិស្សិតផ្នែកវេជ្ជបណ្ឌិតឆ្នាំទី ៤ ដែលទទួលអាហារូបករណ៍ពីអេសស៊ីជី បានបង្ហាញពីក្ដីសប្បាយរីករាយរបស់ខ្លួន ក្រោយទទួលបានការគាំទ្រអាហារូបករណ៍នេះ។ ប្អូនប្រុសបាននិយាយថា៖ “កម្មវិធីនេះសម្រាប់ខ្ញុំគឺរំភើបខ្លាំង ដោយសារតែទីមួយ គាត់បានចូលរួមចំណែកជួយសិស្សថ្នាក់វិទ្យាល័យដែលមានជីវភាពខ្វះខាតមួយតង់ ។ អ៊ីចឹង តង់ទីពីរ គាត់មិនបោះបង់ទេ គាត់ជួយវិទ្យាល័យហើយ គាត់បន្តជួយជ្រោមជ្រែងដល់ថ្នាក់សាកលវិទ្យាល័យបន្ថែមទៀត អ៊ីចឹង វាធ្វើឲ្យអ្នកដែលមានក្ដីស្រមៃ មានក្ដីសុបិន តែខ្វះលទ្ធភាព គាត់អាចបន្តការសិក្សា បន្តក្ដីស្រមៃរបស់គាត់ និងផ្លាស់ប្ដូរស្ថានភាពជីវិតគាត់នាពេលអនាគតបាន” ។
ដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ក្រុមហ៊ុន អេសស៊ីជី ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៤ ហើយកម្មវិធីនេះបានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិត ដែលរៀនពូកែ មានឆន្ទៈក្នុងការបន្តការអប់រំនៅថ្នាក់ឧត្តមសិក្សា និងត្រូវការជំនួយហិរញ្ញវត្ថុដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន ហើយចេះយកចិត្តទុកដាក់ចំពោះសហគមន៍ និងគោរពចំពោះឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់