Connect with us

ព័ត៌មានជាតិ

​កុមារ និងមនុស្ស​ចាស់​មានហានិភ័យខ្ពស់ក្នុង​អំឡុងពេលរដូវរងា​

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២បានណែនាំឲ្យប្រជាពលរដ្ឋ​ថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារអំឡុង​ពេល​អាកាសធាតុចុះត្រជាក់នៃរដូវរងាដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។​

​សារអប់រំរបស់រដ្ឋមន្ត្រីសុខាភិបាលបានអះអាងថា ទារក កុមារ និងមនុស្សមានវ័យចំណាស់មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺ​បណ្តាល​មកពីអាកាសធាតុចុះត្រជាក់។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ហើយមនុស្សចាស់ សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់ផងដែរ។ លើសពីនេះទៅទៀត ទារក និងកុមារតូចមិនអាចរក្សាកំដៅរាងកាយឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលណែនាំថា ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការ​ផ្ដល់សម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាម​រក្សា​សីតុណ្ហភាពឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណ ពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។

ចំណែកឯមនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការ​រំលាយ​អាហារ​ក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហ​ភាពក្នុង​រាង​កាយថយចុះជាងធម្មតា។ ដូច្នេះ មនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាច​បណ្ដាល​ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

រីឯកុមារតូចៗ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់​សម្លៀកបំពាក់ច្រើនជាន់ ពេលមាន​អាកាស​ធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខាន​ដល់ចរាចរឈាមក្នុងរាងកាយ និងបណ្ដាលឲ្យបាត់បង់កំដៅរាងកាយទៅវិញ។

​បើតាមក្រសួងសុខាភិបាល កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើងនៅពេល​ចេញទៅខាងក្រៅ ក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាច​បាត់​បង់​តាមរយៈ ដៃ ក្បាល និងជើង។

ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុង​អំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែ ធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើម​បណ្តាលមកពីវីរុស និងមេរោគស្គ្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម