ព័ត៌មានជាតិ
ក្រសួង ៣ ស្នើអគ្គនាយកដ្ឋានគយពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់
ក្រសួងចំនួន ៣ បានរួមគ្នាស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់។

ការស្នើនេះ បន្ទាប់ពីមានកិច្ចប្រជុំអន្ដរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយ ចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងពាណិជ្ជកម្ម។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែធ្នូនេះថា កិច្ចប្រជុំអន្ដរក្រសួងកាលពីដើមសប្ដាហ៍នេះ សម្រេចបានលទ្ធផលសំខាន់ៗចំនួន ៤ចំណុច៖
ទី១- អង្គប្រជុំ បានស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់ ដោយសហការជាមួយអង្គភាពមានសមត្ថកិច្ច ដូចជាអាជ្ញាធរដែនដី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសជិតខាង និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។
ទី២- អង្គប្រជុំ ក៏បានសម្រេចផងដែរ រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពីលិខិតបទដ្ឋានដែលតម្រូវឲ្យមានក្នុងការនាំចូល ហើយសហការរួមគ្នារវាងអង្គភាពជំនាញផ្សេងៗ ដូចជាពីខាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ករណីមិនមានការនាំចូលដោយខុសច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។
ទី៣- អង្គប្រជុំ បានស្នើជំរុញឲ្យអនុវត្តប្រព័ន្ធបញ្ជាតែមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ ឲ្យបានលឿនដើម្បីចែករំលែកព័ត៌មាន និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន។
ទី៤- អង្គប្រជុំ បានឯកភាពស្នើបង្កើតក្រុមការងារអ្នកច្បាប់ដើម្បីពិភាក្សា ពិនិត្យមើលច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងអនុក្រឹត្យលេខ ១៧ ដើម្បីលើកសំណើ កែសម្រួល ឬធ្វើវិសោធនកម្ម ដើម្បីឲ្យមានសង្គតភាព ក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេស ក៏ដូចជាមានសង្គតភាពជាមួយយន្តការ ដែលតម្រូវដោយតំបន់ និងសាកល។
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហា នៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុកនេះ ធ្វើឡើងដោយពិនិត្យឃើញថា ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ និងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា