ព័ត៌មានជាតិ
លោក ឌិត ទីណា និងលោកបណ្ឌិត យ៉ង សាំងកុមារ ចុះបំពេញបេសកកម្មរួមគ្នាលើកដំបូង នៅខេត្តកំពង់ឆ្នាំង
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត យ៉ង សាំងកុមារ ដែលទើបចូលកាន់តំណែង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានចុះបំពេញបេសកកម្មរួមគ្នាលើកដំបូង នៅខេត្តកំពង់ឆ្នាំង។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែធ្នូនេះថា លោកបណ្ឌិត យ៉ង សាំងកុមារ កាលពីថ្ងៃទី ១៩ ខែធ្នូ បានអមដំណើរលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះបំពេញបេសកកម្មរួមគ្នាលើកដំបូង នៅខេត្តកំពង់ឆ្នាំង។

កញ្ញា អ៊ឹម រចនា បានឲ្យដឹងបន្តថា ទោះបីនេះជាការចុះបំពេញបេសកកម្មរួមលើកទីមួយ តែលោកបណ្ឌិត យ៉ង សាំងកុមារ បានបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនថ្ងៃមកហើយ ចាប់តាំងពីលោកបានចូលកាន់តំណែង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មក។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងពេលចុះបំពេញបេសកកម្មជាមួយលោកបណ្ឌិត យ៉ង សាំងកុមារថា «ក្នុងបេសកកម្មកែទម្រង់កសិកម្ម ដោយកាត់បន្ថយថ្លៃដើម និងពង្រឹងភាពធនរបស់កសិករ តាមរយៈការចងក្រងជារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព»។

ចំណែកលោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកដែរថា «បេសកកម្មរបស់ខ្ញុំជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ទៅកាន់សហគមន៍កសិករអ្នកផលិតស្រូវនៅឃុំកំពង់អុស ខេត្តកំពង់ឆ្នាំង»។

លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរបន្តថា «យើងគាំទ្រដល់សហគមន៍កសិករ ដើម្បីទទួលបានពូជល្អ បច្ចេក ទេសនិងរបៀបកាត់បន្ថយថ្លៃដើមផលិត និងការទទួលបានកិច្ចសន្យាទីផ្សារជាមួយរោងម៉ាស៊ីនចំនួន ៣»។ លោកថា «នេះជាការចាប់ផ្ដើម ដើម្បីឈានទៅសម្រេចផែនការធំ សម្រាប់កសិករ និងសង្គមជាតិទាំងមូល»។

សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ថ្មីៗនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែម លើមុខងារបច្ចុប្បន្ន ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ