ព័ត៌មានជាតិ
តំបន់រមណីយដ្ឋានចង្ក្រានរយ មានសក្ដានុពលទេសចរណ៍គួរឲ្យទាក់ទាញ មិនគួរឲ្យជឿ!
ប្រសិនបើយើងធ្វើដំណើរពីទីរួមខេត្តសៀមរាប ឆ្លងទៅចូលស្រុកបន្ទាយស្រី និងស្រុកវ៉ារិន មានចម្ងាយប្រមាណជិត ១០០ គីឡូម៉ែត្រ គេនឹងបានឃើញតំបន់ទេសចរណ៍ដ៏មានសក្ដានុពលទេសចរណ៍ដែលគួរឲ្យទាក់ទាញនោះគឺរមណីយដ្ឋានចង្ក្រានរយ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះថា កម្លាំងសមត្ថកិច្ចចម្រុះតែងតែចុះល្បាតការពារ និងពិនិត្យមើលតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ដ៏មានសក្ដានុពលទេសចរណ៍មួយចំនួននេះ។

លោកបន្តថា តំបន់នេះមានដូចជា ៖ ពើងច័ន្ទក្រហម ចំណុចដារហាល និងដារអិល ទីកន្លែងដាក់ចំណីសត្វ ទឹកធ្លាក់ចង្ក្រានរយ និងល្អាងភ្នំ ដែលតំបន់ទាំងនេះមានអមដោយព្រៃឈើដ៏ស្រស់បំព្រង ពិតជាតំបន់ដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ដូច្នេះដើម្បីបង្កភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នេះ និងដើម្បីឲ្យសហគមន៍កាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពល្អប្រសើរ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការធ្វើឲ្យប្រសើរឡើង និងអភិរក្សធនធានធម្មជាតិ។

លោកបន្តទៀតថា ដើម្បីធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញនោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងកាប់ទន្ទ្រានព្រៃ គួរបញ្ឈប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយៈវិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូល និងថែរក្សាព្រៃឈើយើងក៏នៅគង់វង្ស។

សូមបញ្ជាក់ថា តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ មានទីតាំងស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានចម្ងាយប្រមាណជិត ១០០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ហើយដោយមានការជ្រោមជ្រែងពីរដ្ឋបាលស្រុកវ៉ារិន និងរដ្ឋបាលព្រៃឈើ រមណីយដ្ឋានចង្ក្រានរយនេះ បានរៀបចំឲ្យក្លាយជាសហគមន៍ចង្ក្រានរយ នៅក្នុងឆ្នាំ ២០១០ និងនៅឆ្នាំ ២០១៧ បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចរាល់។

ជាមួយគ្នានោះដែរ អាជ្ញាធរស្រុកវ៉ារិន បានឲ្យដឹងថា ដោយមានការគិតគូរសហការពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ទើបតំបន់រមណីយដ្ឋានចង្ក្រានរយ ដ៏គួរឲ្យទាក់ទាញនេះមានការល្បីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា មានទេសភាពស្រស់ស្អាតមិនធ្លាប់ឃើញ។ ប៉ុន្តែអ្វីដែលជាក្ដីកង្វល់របស់អាជ្ញាធរនៅទីនោះ គឺផ្លូវចូលទៅតំបន់រមណីយដ្ឋានចង្ក្រានរយ មានការពិបាកធ្វើដំណើរ ហើយសេវាទូរស័ព្ទសម្រាប់ទាក់ទងការងារផ្សេងៗ នៅមិនទាន់មាននៅឡើយ៕
អត្ថបទ ៖ កុសល





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ