ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២១ ធ្នូ ពលរដ្ឋយល់ព្រមរុះរើផ្ទះចេញពីតំបន់អង្គរទៅរស់នៅតំបន់រុនតាឯក មានរហូតដល់ជិត ១០០០ ខ្នង
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះ ពលរដ្ឋដែលយល់ព្រមរុះរើផ្ទះចេញពីតំបន់អង្គរទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី មានប្រមាណជាជិត ១០០០ ខ្នង។ ហើយគេសង្ឃឹមថា តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ នាពេលខាងមុខ នឹងមានភាពស្រស់បំព្រងគួរជាទីចង់គយគន់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាក់ជាមិនខាន។

លោក ហាយ យង់ ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រុងសៀមរាប បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះថា លោកចុះមកដឹកនាំក្នុងការជួយរុះរើសំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរនេះ ក្នុងនាមតំណាងឲ្យ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការសហការពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធ ,កម្លាំងយោធភូមិភាគទី ៤, កម្លាំងកងពលអន្តរាគមន៍លេខ ២។

លោកបន្តថា ទិន្នន័យដែលផ្ដល់ដោយក្រុមការងារអាជ្ញាធរក្រុង និងខេត្តសៀមរាប បានឲ្យដឹងថា ខ្នងផ្ទះដែលត្រូវបានរុះរើកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ មានចំនួន ១៨ ខ្នងផ្ទះ។ ក្នុងនោះភូមិត្រពាំងសេះ មានចំនួន ៧ ខ្នងផ្ទះ , ភូមិទក្សិណខាងត្បូង មានចំនួន ៤ ខ្នងផ្ទះ និងភូមិវាល ៧ ខ្នងផ្ទះ។ គិតពីពេលចាប់ផ្ដើមខ្នងផ្ទះរុះរើសរុបមានចំនួន ៧៧១ ក្នុងនោះ ៖ ភូមិត្រពាំងសេះចំនួន ៤១០ ខ្នងផ្ទះ , ភូមិទក្សិណខាងត្បូងចំនួន ២៧៥ ខ្នងផ្ទះ , ភូមិវាល ៧៦ ខ្នងផ្ទះ , ភូមិគោកតាចាន់ ១ ខ្នងផ្ទះ , ភូមិក្រវ៉ាន់ ១ ខ្នងផ្ទះ , ភូមិមណ្ឌល៣ ៨ ខ្នងផ្ទះ។

លោកបន្ថែមថា ការងារដឹកជញ្ជូនគ្រួសារប្រជាពលរដ្ឋទៅរុនតាឯក រួមមាន ៖ ដឹកជញ្ជូនដោយក្រុមការងារយោធភូមិភាគទី ៤ និងកងពលធំអន្តរាគមន៍លេខ ២ ប្រើប្រាស់រថយន្តសរុបចំនួន ២០ គ្រឿង ដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋចំនួន ១៨ ខ្នងផ្ទះ។ គិតពីពេលចាប់ផ្ដើមបានដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋទៅតំបន់រុនតាឯក សរុបមានចំនួន ៧១៩ ខ្នងផ្ទះ ក្នុងនោះ ភូមិត្រពាំងសេះ មានចំនួន ៣៩៣ ខ្នងផ្ទះ, ភូមិទក្សិណខាងត្បូង មានចំនួន ២៤៣ ខ្នងផ្ទះ , ភូមិវាល មានចំនួន ៧៥ ខ្នងផ្ទះ, ភូមិមណ្ឌល ៣ មានចំនួន ៨ ខ្នងផ្ទះ។

សូមរម្លឹកថា កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល កោតសរសើរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋាន អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខខណ្ឌ នៃការបន្តរក្សាលក្ខណៈសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។

សម្ដេចតេជោ មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ឲ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឲ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គិសនីជាដើម៕
អត្ថបទ ៖ កុសល









-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ