Connect with us

ព័ត៌មានជាតិ

យុវជន៣រូប បានក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ក្នុងយុទ្ធនាការក្មេងស្រីមានឱកាសស្មើគ្នា

បានផុស

នៅ

យុវជន៣រូប ដែលមកពីខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង ដែលស្ថិតនៅតំបន់ប្រតិបត្តិការរបស់អង្គការភ្លែនអន្តរជាតិ បានក្លាយជាទូតសុឆន្ទៈ ក្នុងយុទ្ធនាការក្មេងស្រីមានឱកាសស្មើគ្នារបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ក្រោយពីត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តាមរយៈប្រព័ន្ធ ហ្សូម (Zoom Meeting)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការជ្រើសរើស យុវជនទាំង៣នាក់ ជាទូតសុឆន្ទៈក្នុងយុទ្ធនាការនេះគឺ មាន​គោលបំណងធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាច និងមានការសម្រេចចិត្ត ក៏ដូចជាការរៀបចំផែនការជីវិតដោយខ្លួនឯងបាន។ ទូតសុឆន្ទៈទាំង៣រូប ដែលមកពីខេត្តផ្សេងៗគ្នា មានឈ្មោះ កញ្ញា ពៅ ស្រីណូ កញ្ញា លេខ ការី និង លោក ហេន សុភាព។

លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា យុវជនទាំង៣រូបនេះ  គឺជាយុវជនដែលមានភាពសកម្មនៅក្នុងសហគមន៍របស់ពួកគេ ហើយក៏ត្រូវបានឆ្លងកាត់ការជ្រើសរើស តាំងពីខែកក្កដា​ ឆ្នាំ២០២២មកម្ល៉េះ។ នៅក្នុងដំណាក់កាលជ្រើសរើស ពួកគេទាំងបីបានបង្ហាញយ៉ាងមោះមុតពីសក្តានុពលរបស់ពួកគេ ព្រមទាំងភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តសម្រាប់លើកកម្ពស់សមភាពក្មេងស្រី និងស្ត្រី នៅក្នុងយុទ្ធនាការនេះ។

លោក យី គីមថាន បានថ្លែងថា៖ “ការចូលរួមរបស់យុវជនក្នុងនាមជាទូតសុឆន្ទៈ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នានឹងបន្ថែមគុណតម្លៃនៃការចូលរួមរបស់យុវជននៅក្នុងការងាររបស់យើង ហើយនាំមកនូវគំនិត និងវិធីសាស្រ្តថ្មីៗ ដើម្បីឈានទៅដល់គោលដៅរបស់យើងដែលផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា ដើម្បីឱ្យពួកគេបំពេញសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ”។

ជាមួយគ្នានេះ កញ្ញា ពៅ ស្រីណូ ទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា​ មកពីខេត្តសៀមរាប លើកឡើងថា កញ្ញាមានមហិច្ឆតាតាំងពីតូចមកម្ល៉េះ ដើម្បីចង់បំបែករបាំងនៃវិសមភាពយេនឌ័រ និងឧបសគ្គដែលរារាំងក្មេងស្រីក្នុងការសម្រេចចិត្តនានា។

កញ្ញា ពៅ ស្រីណូ បាននិយាយថា៖ “យើងនឹងមិនឈប់ទេ លុះណាតែស្ត្រី និងក្មេងស្រីទទួលបានសិទ្ធិពេញលេញ”។

រីឯទូតសុឆន្ទៈមួយរូបទៀត មកពីខេត្តរតនគិរី កញ្ញា លេខ ការី ក៏បានបំផុសនូវគំនិត និងការប្តេជ្ញាចិត្តរបស់ខ្លួន ថែមទាំងបានផ្តល់កម្លាំងចិត្តដល់ក្មេងស្រី និងស្ត្រី ហ៊ានក្រោកឈរ ហ៊ានបង្កើតក្តីស្រម៉ៃ និងទាមទារសិទ្ធិដែលពួកគេគួរទទួលបាន។

កញ្ញា លេខ ការី បានលើកឡើងថា៖ “ខ្ញុំប្ដេជ្ញាចិត្ត​ថានឹងខិតខំរៀនសូត្រ និងប្រើប្រាស់នូវសមត្ថភាព និងសម្លេងរបស់ខ្ញុំ ដើម្បីលើកទឹកចិត្ត និងគោរពសិទ្ធិដល់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យក្ដីស្រមៃជាអ្នកដឹកនាំ របស់ពួកគេ ក្លាយជាពិត។ ខ្ញុំមិនទទួលយក និងប្រឆាំងយ៉ាងដាច់ខាតរាល់អំពើហិង្សាគ្រប់ទម្រង់ទៅលើស្ត្រី និងក្មេងស្រី”។

សូមជម្រាបថា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មានគោលបំណងធានាថា កុមារី និងស្ត្រីវ័យក្មេងមានអំណាចលើជីវិតផ្ទាល់ខ្លួន ការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ។ នៅក្នុងប្រទេសកម្ពុជា យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា បានដំណើរការយ៉ាងសកម្មតាំងពីឆ្នាំ២០១៨តាមរយៈសកម្មភាពជាច្រើនដូចជាយុទ្ធនាការ #FREETOBEONLINE ការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ និងគំនិតផ្តួចផ្តើមក្មេងស្រីកាន់តួនាទីជំនួស។

គួររំលឹកថា អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០០២មកម្ល៉េះ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ អង្គការនេះបាន ខិតខំ​ប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូផ្សេងទៀត។ ជាមួយ​នឹង​បទពិសោធនជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស ​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងការអភិវឌ្ឍរបស់ពួកគេ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម