ព័ត៌មានជាតិ
អ្នកការទូតជាស្វាមី ភរិយានឹងគ្នា១គូ កំពុងបំពេញតួនាទីជាតំណាងកម្ពុជានៅអាមេរិក
ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៧១ឆ្នាំហើយ។ បច្ចុប្បន្ននេះ កម្ពុជាមានស្ថានតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកចំនួន២ដាច់ដោយឡែកពីគ្នា គឺទី១ ជាស្ថានតំណាងទ្វេភាគីកម្ពុជា-អាមេរិក ដែលហៅថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងទី២ ជាស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។

បើនិយាយអំពីឯកអគ្គរាជទូតកម្ពុជាដែលកំពុងបំពេញបេសកកម្មនៅឋអាមេរិកនាពេលនេះ គឺមានលោក កែវ ឈា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ាត សោភា ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។ ឥស្សរជនទាំង២រូបនេះ គឺជាអ្នកការទូតកម្ពុជាដ៏ឆ្នើមពោរពេញដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះ ជាពិសេស អ្នកការទូតទាំង២ ត្រូវជាស្វាមី ភរិយានឹងគ្នាថែមទៀត។ លោក កែវ ឈា និងលោកស្រី អ៊ាត សោភា ជាបញ្ញវន្តកម្ពុជាដែលទទួលបានការសិក្សាអប់រំទាំងនៅប្រទេសកម្ពុជា ឥណ្ឌា និងអូស្ត្រាលី។
លោក កែវ ឈា ជាអតីតនិស្សិតបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុងញូដេលី និងបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិនៃវិទ្យាស្ថានច្បាប់អន្តរជាតិឥណ្ឌា។ លោកក៏ បានបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលីផងដែរ។

ក្នុងវ័យ ៦៦ឆ្នាំ លោក កែវ ឈា ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២២។ លោក កែវ ឈា ជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធន៍ «ចាស់វស្សា» លើកិច្ចការទំនាក់ទំនងអន្តរជាតិ ក្រោយលោកបានចូលបម្រើការងារជាមន្ត្រីនៅក្រសួងការបរទេសតាំងពីក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩។ ជាមន្ត្រីនៃក្រសួងការបរទេស លោកធ្លាប់បានបំពេញការងារជាមន្ត្រីនៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់ និងជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

ជាបន្តបន្ទាប់ លោក កែវ ឈា ត្រូវបានក្រសួងការបរទេសចាត់ឲ្យទៅបំពេញការងារនៅក្រៅប្រទេសក្នុងតួនាទីជាលេខា ទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ជាលេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាន និងជាទីប្រឹក្សាក្រសួងការបរទេស។ បន្ថែមពីនេះ លោកក៏ធ្លាប់បានទៅបំពេញការងារជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ផងដែរ ដែលលោកកាន់តួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន និងជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅសម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន។

ដោយឡែក ភរិយារបស់លោក គឺលោកស្រី អ៊ាត សោភា មុនក្លាយជាមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា លោកស្រីបានចូលបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ ៣ឆ្នាំ និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។
មុនពេលតែងតាំងជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០២២នេះ លោកស្រី អ៊ាត សោភា កាន់តំណែងជារដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា។ ក្នុងនាមជាឧត្តមមន្ត្រីអាស៊ាន លោកស្រីបានចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន មុនពេលឈានដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន កាលពីអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

ចំពោះការសិក្សាវិញ លោកស្រី អ៊ាត សោភា បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី។ លោកស្រី ក៏មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Jawaharlal Nehru ប្រទេសឥណ្ឌា វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូតនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជាផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ