ព័ត៌មានជាតិ
ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ បំពុលបរិស្ថានដល់ទឹកស្ទឹង អាចជាការត្រូវដងត្រូវផ្លែជាមួយជលផល
បែរចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែង តាមបណ្ដោយដងស្ទឹងសង្កែ នៅប៉ែកខាងលើទឹក កំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែ ពិសេសប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនៅប៉ែកខាងក្រោម។

ថ្មីៗនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យមើលដល់ទីតាំងខាងលើ នាចុងសប្ដាហ៍កន្លងទៅនេះ កត់សម្គាល់ថា នៅប៉ែកខាងលើស្ទឹង ចាប់ពីចំណុចភូមិចិន រហូតដល់ភូមិកំពង់ពិល មានការចិញ្ចឹមត្រីជាច្រើនកន្លែង បង្កការបំពុលទឹកស្ទឹងសង្កែ ឲ្យកខ្វក់ និងប៉ះពាល់ដល់ការរស់នៅផ្នែកខាងក្រោម និងអ្នកប្រើប្រាស់ទឹកស្ទឹង។

នៅក្នុងខណៈនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញធ្វើរបាយការណ៍ពីផលប៉ះពាល់មករដ្ឋបាលខេត្ត ដើម្បីមានវិធានការបន្ទាន់ក្នុងការទប់ស្កាត់ លុបបំបាត់ភាពអនាធិបតេយ្យដែលកំពុងកើតមានទាំងនេះ។

ទាក់ទងនឹងការចិញ្ចឹមត្រីបែបអនាធិបតេយ្យនេះដែរ កន្លងមកលោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បែរចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅ មានប្រមាណជាង ៤០ ទីតាំង ដែលកំពុងចិញ្ចឹមត្រីប្រភេទ ទីឡាត្យា និងត្រីក្រហម រយៈពេល ៥ ឆ្នាំ មកហើយ មិនមានច្បាប់ទម្លាប់នោះទេ គ្រាន់តែជូនដំណឹងឲ្យមន្ត្រីដឹងប៉ុណ្ណោះ។

លោកបន្តថា មុនដំបូងពួកគាត់ចិញ្ចឹមតិចតួចទេ យូរទៅចេះតែពង្រីកការចិញ្ចឹមត្រីកាន់តែច្រើនគ្រួសារ តែជាប្រភេទបែរតូចៗនោះទេ គឺក្នុងបែរមួយមានការចិញ្ចឹមត្រីប្រហែល ៥០០០ ក្បាលប៉ុណ្ណោះ។ លោកក៏បានទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះវាប៉ះពាល់ដល់ទឹកស្ទឹងខ្លះហើយ ដែលពីមុនទឹកហូរមិនសូវអីទេ ប៉ុន្តែបច្ចុប្បន្ន ក្រោយពីបានបិទទំនប់ស្ទាក់ទឹក នៅសាលាតាអន ក្នុងស្រុកឯកភ្នំ រួចមក ទឹកមិនសូវហូរ វាប៉ះពាល់គុណភាពទឹកហើយ។

បើទោះបីជាលោកនាយខណ្ឌរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នឹងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត គឺក្រោយពីពួកគាត់ប្រមូលផលត្រីរួចហើយនៅមុនចូលឆ្នាំខ្មែរ និងឲ្យរុះរើលែងឲ្យចិញ្ចឹមទៀតហើយក៏ដោយ ក៏ប្រភពជាច្រើនបានលើកឡើងថា ក្នុងចំនួនជាង ៤០ បែរ បើការសន្យាថា នឹងប្រមូលផលមុនពេលចូលឆ្នាំ ចុះបើបែរពាក់កណ្ដាលចាប់ផ្ដើមប្រមូលផល ហើយចំនួនបែរពាក់កណ្ដាលទៀតទើបលែងកូនត្រីចូល តើលោកនាយខណ្ឌត្រូវបន្តរង់ចាំឲ្យត្រីធំទើបប្រមូលផលដែរឬយ៉ាងណា? ដោយមជ្ឈដ្ឋានទាំងនោះបានសង្កត់ធ្ងន់ថា វាអាចជាការត្រូវដង ត្រូវផ្លែជាមួយមន្ត្រីរដ្ឋបាលជលផល ទើបអាចសុខសាន្តយ៉ាងនេះ។
ជុំវិញបញ្ហានេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយៈទូរស័ព្ទទៅលោក ជួង សុភា ជាច្រើនលើក តែមិនអាចទទួលការហៅចូលបានទេ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?