Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានពលរដ្ឋចេញដើរលេងកម្សាន្ដ ក្នុងឱកាសឆ្លងឆ្នាំច្រើនបែបនេះទេ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ចូល ២០​២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​​ នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២២ ចូល ២០​២៣ មានប្រជាពលរដ្ឋដើរលេងកម្សាន្ដនៅទូទាំងប្រទេសជាង ២លាននាក់។ សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានថា មានប្រជាពលរដ្ឋចេញដើរលេងកម្សាន្ដច្រើនបែបនេះ នោះទេ។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំអត់នឹកស្មានថា ប្រជាពលរដ្ឋរបស់យើងឆ្នាំនេះ នៅទទួលឆ្នាំថ្មី ឆ្លងឆ្នាំថ្មីដ៏កកកុញបែបនេះទេ ខ្ញុំមើលតែទូរទស្សន៍ ៤ទេ ប៉ុន្តែភរិយាខ្ញុំមើលទូរទស្សន៍មួយទៀត ទូរទស្សន៍ជាតិ ផ្សាយចេញពីត្បូង ឃ្មុំ កន្លែងណា ក៏ដូចកន្លែងណា របាយការណ៍របស់ឯកឧត្ដ ថោង ខុន យប់មិញនេះ គឺមនុស្សជាង ២លាននាក់ ដែលបានធ្វើដំណើរទៅកាន់តំបន់ទេសចរនានា ហើយឆ្លងឆ្នាំ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ដោយសារកត្តាសន្តិភាព បាននាំឲ្យប្រជាជនកម្ពុជា អាចដើរលេងសប្បាយនៅទូទាំងប្រទេស ដោយមិនមានភាពភ័យខ្លាចអ្វីឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម