ព័ត៌មានជាតិ
តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចចូលរៀននៅសាលាភូមិន្ទរដ្ឋបាល?
សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈចំណុះក្រោមក្រសួងមុខងារសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជា្រវពាក់ព័ន្ធនឹងវិស័យសាធារណៈ។ សាលាភូមិន្ទរដ្ឋបាល មានភារកិច្ចជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការ ក៏ដូចជា ផ្ដល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រីដែលទើបត្រូវបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល។

តើត្រូវគោរព និងឆ្លងកាត់លក្ខខណ្ឌបែបណាខ្លះ ទើបអាចចូលរៀននៅសាលាភូមិន្ទរដ្ឋបាលនេះបាន ? នៅថ្ងៃនេះ សារព័ត៌មាន «កម្ពុជាថ្មី» នឹងបង្ហាញលក្ខខណ្ឌទាំងនេះ ដូចខាងក្រោម៖
១/លក្ខខណ្ឌជ្រើសរើសបេក្ខជនជានិស្សិត
បេក្ខជនជានិស្សិតដែលមានបំណងចង់ចូលរៀននៅសាលាភូមិន្ទរដ្ឋបាលថ្នាក់សិស្សមន្ត្រីជាន់ខ្ពស់ គឺត្រូវមានអាយុយ៉ាងច្រើនបំផុត ៣០ឆ្នាំ មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើង។ បើជាសិស្សមន្ត្រីក្រមការ គឺនិស្សិតត្រូវមានអាយុមិនលើសពី ២៨ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្ររង ឬលិខិតបញ្ជាក់ការសិក្សាដែលមានតម្លៃស្មើ។ សិស្សមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយបានប្រឡងជាប់ នឹងទទួលបានការបណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ ខណៈសិស្សមន្ត្រីក្រមការទទួលបានការបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ។

២/ លក្ខខណ្ឌជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ
មិនខុសគ្នានឹងលក្ខខណ្ឌបេក្ខជនជានិស្សិតទេ គឺបេក្ខជនដែលជាមន្ត្រីរាជការត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រឡើងសម្រាប់ថ្នាក់ជាសិស្សមន្ត្រីជាន់ខ្ពស់ និងសញ្ញាបត្រកម្រិតបរិញ្ញាបត្ររងសម្រាប់ថ្នាក់ជាសិស្សមន្ត្រីក្រមការ។ ប៉ុន្តែបេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ ជាមួយគ្នានេះ មន្ត្រីរាជការដែលប្រឡងជាប់ជាសិស្សមន្ត្រីជាន់ខ្ពស់ ឬជាសិស្សមន្ត្រីក្រមការ ត្រូវបានរក្សាបៀវត្ស អតីតភាពការងារសម្រាប់ការឡើងថ្នាក់ ឋានន្តរស័ក្តិ មុខតំណែង និងការចូលនិវត្តន៍ ព្រមទាំងរក្សាមុខតំណែងក្នុងអង្គភាពដើម។

ពាក់ព័ន្ធនឹងការប្រឡងប្រជែង ទាំងសម្រាប់បេក្ខជនជាមន្ត្រីរាជការ និងបេក្ខជនជានិស្សិត ត្រូវឆ្លងកាត់វិញ្ញាសាប្រឡងចំនួនពីរលើក គឺវិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសរសេរលើកទី២។ វិញ្ញាសាសរសេរលើកទី១ មានសំណួរពហុចម្លើយ និងការអធិប្បាយខ្លី។ ដោយឡែក វិញ្ញាសាសរសេរលើកទី២ មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២។ វិញ្ញាសាសរសេរលើកទី២ រួមមាន ការអធិប្បាយជ្រើសរើសប្រធានបទពាក់ព័ន្ធនឹងចំណេះដឹងទូទៅ (ច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ) និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ពលរដ្ឋវិទ្យា អរិយធម៌ វប្បធម៌ និងជំនាញភាសាអង់គ្លេស ឬភាសាបារាំង៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ