ព័ត៌មានជាតិ
លោក នេត សាវឿន បញ្ជាឱ្យស៊ើបអង្កេតបន្ទាន់ករណីមន្ដ្រីនគរបាលចរាចរណ៍ផាកពិន័យជនជាតិចិន នៅខេត្តតាកែវ
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តតាកែវ បើកការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ ករណីមន្ដ្រីនគរបាលចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យជនជាតិចិន ហើយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។
លោក នេត សាវឿន បានអះអាងថា បទបញ្ជានៃការស្រាវជ្រាវនេះ គឺត្រូវធ្វើឡើងព្រមគ្នាតែម្ដង ទាំងមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាមីខ្លួនជនជាតិចិន ដែលបានបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គម ដើម្បីធ្វើឲ្យមានតម្លាភាព និងស្មើភាពគ្នារវាងភាគីទាំងពីរ។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ករណីជនជាតិចិនបង្ហោះសារលើបណ្ដាញសង្គម ខ្ញុំបានបញ្ជាបន្ទាន់ដល់ស្នងការនគរបាលខេត្តតាកែវ ដើម្បីបើកការស្រាវជ្រាវស៊ើបអង្កេត ក្រោយផ្ទុះព័ត៌មាន និងបាតុភាពតាមបណ្ដាញសង្គម»។
បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន ការស្រាវជ្រាវនេះ ត្រូវធ្វើឡើងពីរព្រមគ្នាពោលគឺ ទី១៖ ការអនុវត្តតួនាទីភារកិច្ច អាប្បកិរិយា ពាក្យសម្ដីរបស់មន្ដ្រីនគរបាលចរាចរណ៍ ហើយបើឃើញមានកំហុស នឹងដាក់ពិន័យរដ្ឋបាល វិន័យកងកម្លាំងនគរបាលជាតិ និងទី២៖ បុគ្គលជនជាតិចិន ដែលបង្ហោះសារតាមបណ្ដាញសង្គម ក្រោយមានការលើកឡើងថា បានប្រើប្រាស់ពាក្យសម្ដី កាយវិការច្រងេងច្រងាក និងបើកបរលើសល្បឿនកំណត់រហូតដល់ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ត្រូវបានដកបញ្ឈរជើងទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធការចាប់អ្នកធ្វើដំណើរ ជាជនជាតិបរទេសផាកពិន័យលើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សា រហូតត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។
ករណីនេះ គឺផ្ដើមចេញពីជនជាតិចិនម្នាក់ទំនងជាអ្នករកស៊ីវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរបួសស្នាមថែមទៀតផង។
វិនិយោគិនចិនរូបនេះ បានបង្ហាញនូវក្ដីឈឺចាប់តាមរយៈសំណេរដែលបង្ហោះនៅលើ Facebook របស់ខ្លួនឈ្មោះ 崔健 (CUI JIAN) ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រូបគេបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់គីឡូម៉ែត្រលេខ៦៨ ក៏ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ផាកពិន័យ ដោយអះអាងថា រូបគេបើកបរលើសល្បឿនកំណត់ ៣០ភាគរយ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យ១០០ដុល្លារ។
តាមរយៈសំណេរដដែលនោះ ជនរងគ្រោះបានបន្ដទៀតថា ការចោទប្រកាន់ថារូបគេបើកបរលើសល្បឿនកំណត់នេះមិនសមហេតុផលឡើយ ព្រោះរូបគេបើកបររថយន្ដធុនធំ ហើយក៏មិនអាចបើកលឿនពេកនោះដែរ។ ជនជាតិចិនរូបនេះ គិតថា ការផាកពិន័យនេះ ទំនងដោយសារឃើញរូបគេជាជនជាតិបរទេស (ចិន) ហើយគ្រាន់តែផាកដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ។
ម្ចាស់គណនី Facebook 崔健 (CUI JIAN) បានបន្ថែមថា ក្នុងហេតុការណ៍នោះ ក៏មានការប្រកែកតវ៉ា និងឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយមានមន្ដ្រីនគរបាល៥នាក់ ឆក់យកទូរស័ព្ទរបស់ខ្លួន និងវាយដំលើរូបខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង (រូបភាពមានបង្ហាញ)។ បន្ទាប់ពីឆក់យកទូរស័ព្ទរបស់ជនជាតិចិនហើយនោះ មន្ដ្រីនគរបាលទាំងអស់នោះ បានលុបរូបភាពទាំងអស់នោះចេញ ដើម្បីបំបាត់ភ័ស្ដុតាង។ ក្រោយមកមន្ដ្រី នគរបាលចរាចរណ៍ទាំងនោះ បានបង្ខំរូបគេបង់ប្រាក់ផាកពិន័យ៥០ដុល្លារ ដោយមិនចេញវិក្កិយបត្រឡើយ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់