ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧ ស្ថាបនាថ្មី បំពាក់កាមេរ៉ាចាប់ល្បឿន និងជញ្ជីងថ្លឹងរថយន្តវៃឆ្លាត
កំណាត់ផ្លូវជាតិលេខ៧ បានបើកការដ្ឋានសាងសង់នៅព្រឹកមិញនេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២ គន្លង ទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។
កំណាត់ផ្លូវជាង ៤០ គីឡូម៉ែត្រនេះ នឹងមានបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២ កន្លែង រួមទាំងបំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាតនិងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២ កន្លែង។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។ កំណាត់ផ្លូវជាតិនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើ និងចំណុចផ្លូវបំបែកកំពង់ថ្ម និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់តាមរយៈផ្លូវជាតិលេខ៧១C។
លើសពីនេះកំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។

លោករដ្ឋមន្រ្តីបន្តថា កំណាត់ផ្លូវជាតិលេខ ៧ ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS) ផងដែរ។
ដោយផ្តល់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ការស្ថាបនាផ្លូវជាតិលេខ ៧ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ និងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ