ព័ត៌មានជាតិ
ដើមខែមករា ឆ្នាំនេះ ឧកញ៉ាចំនួន ៥រូបត្រូវបានដំឡើងងារជា«អ្នកឧកញ៉ា»
រហូតមកដល់ចុងឆ្នាំ២០២២ បុគ្គលដែលទទួលបានគោរមងារជា «ឧកញ៉ា និងអ្នកឧកញ៉ា» មានចំនួនលើសពី ១ពាន់នាក់។ ក្នុងនោះ បុគ្គលដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា» មានត្រឹមខ្ទង់ប្រមាណ ២០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅដើមខែមករា ឆ្នាំ២០២៣នេះ ឧកញ៉ាចំនួន ៥រូបត្រូវបានដំឡើងគោរមងារជា «អ្នកឧកញ៉ា» ជាបន្ទាប់បន្ត។ នេះបើគិតត្រឹមថ្ងៃទី៩ នៃខែមករានេះ។

ឧកញ៉ាទាំង ៥រូបដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងដើមឆ្នាំ២០២៣នេះ រួមមាន៖
១/ ឧកញ៉ា លី ឃុនថៃ
ឧកញ៉ា លី ឃុនថៃ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្ន អ្នកឧកញ៉ា លី ឃុនថៃ កំពុងកាន់កាប់តួនាទីជាច្រើនក្នុងវិស័យឯកជនដូចជា អគ្គនាយកក្រុមហ៊ុន អាល់ហ្វា គ្រុប ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា។ ទន្ទឹមនេះ អ្នកឧកញ៉ា លី ឃុនថៃ ក៏មានមុខតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

២/ ឧកញ៉ា លី សេងឃាង
ឧកញ៉ា លី សេងឃាង ជាអគ្គនាយកក្រុមហ៊ុន BS Land and Home និងជាជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

៣/ ឧកញ៉ា ចាប ហុងលី
ឧកញ៉ា ចាប ហុងលី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា«អ្នកឧកញ៉ា»នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ។ អ្នកឧកញ៉ា ចាប ហុងលី បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបមិន និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

៤/ ឧកញ៉ា ជា រតនា
ឧកញ៉ា ជា រតនា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ជា រតនា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group។

៥/ ឧកញ៉ា លី ហៀក
ឧកញ៉ា លី ហៀក ត្រូវបានគេស្គាល់ថាជាភរិយារបស់អ្នកឧញ៉ា ជា រតនា ក៏ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដូចស្វាមីរបស់លោកស្រីផងដែរ។ ជាមួយគ្នានេះ កូនស្រីបង្កើត និងកូនប្រសាររបស់អ្នកឧកញ៉ា ជា រតនា គឺលោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ផងដែរ។

គួរជម្រាបថា គោរមងារជា «ឧកញ៉ា» គឺជាងារមួយដែលត្រូវប្រទានដោយព្រះមហាក្សត្រ និងជាងារមួយសំដៅថា ជាអ្នកមានទ្រព្យស្តុកស្តម្ភ ឬជាសេដ្ឋី មហាសេដ្ឋី។ នាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានងារជា «ឧកញ៉ា» គឺបុគ្គលទាំងអស់ដែលបានជួយឧបត្ថម្ភថវិកា ឬសម្ភារៈ ជូនទៅរដ្ឋក្នុងទំហំទឹកប្រាក់ប្រមាណចំនួន ៥០ម៉ឺនដុល្លារ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ