ព័ត៌មានជាតិ
បណ្ឌិត គិន ភា ៖ គួរមានវិធានការផ្លូវច្បាប់ បើសិនអ្នកនយោបាយ ប្រើសារនយោបាយមានលក្ខណៈវាយប្រហារបរិហារកេរ្តិ៍
អ្នកវិភាគបញ្ហានយោបាយ លើកឡើងថា គួរតែមានវិធានការផ្លូវច្បាប់ ប្រសិនបើសិនអ្នកនយោបាយ ប្រើប្រាស់សារនយោបាយ មានលក្ខណៈវាយប្រហារបរិហារកេរ្តិ៍ ដោយគ្មានមូលដ្ឋានជាក់ស្ដែង គ្មានមូលដ្ឋានច្បាប់ និងគ្មានភស្ដុតាង ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/001-1024x683.png)
ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះគណបក្សនយោបាយមួយ ដែលបានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានការពិត។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជាការកត់សម្គាល់របស់លោក គឺអតីតគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ដែលត្រូវបានតុលាការកំពូលរំលាយចោលរួចទៅហើយ និងគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិនោះ តែងតែប្រើការឃោសនានយោបាយ ហាក់ដូចជាមិនផ្តោតទៅគោលនយោបាយ យុទ្ធសាស្រ្ដ និងចក្ខុវិស័យ សម្រាប់ការកសាងប្រទេសជាតិនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/003-1-1024x683.png)
តាមលោកបណ្ឌិត គិន ភា អ្វីដែលគណបក្សប្រឆាំង បានធ្វើកន្លងមកនេះ គឺបានវាយប្រហារទៅលើបុគ្គល និងវាយប្រហារទៅលើគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដោយការវាយប្រហារនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងខ្វះសច្ចភាពប្រវត្តិសាស្រ្ដ ហើយបានយករឿងបុគ្គល យកមកវាយប្រហារ បរិហារកេរ្តិ៍ និងធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ សម្រាប់សង្គមជាតិផង និងសម្រាប់បុគ្គលដែលទទួលរងនូវការវាយប្រហារផង និងគណបក្សដែលទទួលរងនូវការវាយប្រហារផង។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/004-1024x614.png)
លោកបណ្ឌិត គិន ភា យល់ថា ការធ្វើនយោបាយ ដែលមានលក្ខណៈវាយប្រហារ បរិហារកេរ្តិ៍ ឬមួលបង្កាច់បែបនេះ មិនមែនជារឿងមួយដែលល្អ ដែលសង្គមជាតិត្រូវការនោះទេ។ សង្គមជាតិ ត្រូវការការប្រកួតប្រជែងគ្នា ដោយឈរ លើគោលនយោបាយអភិវឌ្ឍជាតិ យុទ្ធសាស្រ្ដ និងចក្ខុវិស័យអភិវឌ្ឍជាតិ។
«ឥឡូវនេះ យើងបានមកដល់បរិបទនៃសង្គមមួយ ដែលមានការអភិវឌ្ឍរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាហ្នឹង មានចក្ខុវិស័យវែងឆ្ងាយ យើងបានដាក់ទិសសម្រាប់កម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ដោយបានបន្ថែមថា ទាំងនេះ គឺជាយុទ្ធសាស្រ្ដ ជាចក្ខុវិស័យ ជាគោលនយោបាយដែលគណបក្សនីមួយៗ គួរធ្វើយ៉ាងណា ដើម្បីប្រទេសកម្ពុជា សម្រេចនូវសមិទ្ធផលដូចខាងលើនេះ ដោយមិនមែនយករឿងបុគ្គលទៅវាយប្រហារគ្មានមូលដ្ឋាន និងអសីលធម៌ថែមទៀត។
អ្នកវិភាគបញ្ហានយោបាយរូបនេះ លើកឡើងបន្តថា គណបក្សប្រឆាំង គួរតែមានការបែងចែកឲ្យដាច់អំពីសារនយោបាយ ដែលមានលក្ខណៈឃោសនាទៅលើគោលនយោបាយ និងសារដែលវាយប្រហារគណបក្សកាន់អំណាច ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច។ ដូច្នេះប្រសិនបើ មិនមែនជាសារនយោបាយ ដែលឃោសនាទៅលើគោលនយោបាយទេ តែជាសារវាយប្រហារទៅលើបុគ្គល ស្ថាប័ន ឬគណបក្សនោះ គឺគណបក្សដែលទទួលនូវផលប៉ះពាល់ និងរងគ្រោះ ពីការវាយប្រហារនោះ អាចប្រើប្រាស់វិធានការផ្លូវច្បាប់ ទៅលើអ្នកនយោបាយរូបនោះ។
លោកបណ្ឌិត គិន ភា បានបន្ថែយ៉ាងដូច្នេះថា «ខ្ញុំគិតថា គួរតែមានវិធានការផ្លូវច្បាប់ បើសិនជាសារនយោបាយ វោហារសាស្រ្ដនយោបាយនោះ ដែលមានលក្ខណៈបរិហារកេរ្តិ៍ ដោយគ្មានមូលដ្ឋានជាក់ស្ដែង ដោយគ្មានមូលដ្ឋានច្បាប់ ដោយគ្មានភស្ដុតាង ជាការប្រឌិត ជាការបង្កាច់បង្ខូចកេរ្ដិ៍ ឬជាការធ្វើឲ្យមានចលាចលសង្គម វាអាចមានរូបភាពពីរតាមផ្លូវច្បាប់ ទីមួយអាចវិធានការផ្លូវច្បាប់ពាក់ព័ន្ធទៅលើរឿងព្រហ្មទណ្ឌ មានន័យថា បង្កអស្ថិរភាពសង្គម បង្កចលាចលសង្គម អាហ្នឹងទីមួយ ទីពីរគឺការធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ កេរ្ដិ៍ឈ្មោះ កិត្តិនាម កិត្តិសព្ទ របស់បុគ្គល រូបវន្តបុគ្គល នីតិបុគល អាចជាស្ថាប័ន អាចជាគណបក្សនយោបាយ អាហ្នឹង គឺអ្នកដែលរងផលប៉ះពាល់ ដែលខូចផលប្រយោជន៍ អាចប្ដឹង អាចប្ដឹងក្នុងបណ្ដឹងព្រហ្មទណ្ឌផង ហើយបណ្ដឹងរដ្ឋប្បវេណីទៀត ដើម្បីសងនូវព្យសនកម្ម ដែលពួកគាត់បានធ្វើមកលើហ្នឹង»។
គួររំលឹកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ កាលពីថ្ងៃទី ៩ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់គណបក្សនយោបាយខ្លះ ដែលបានបើកការវាយប្រហារ មកលើគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ទោះបីអ្នកមិននិយាយដាក់ក្បាលមេក្រូក៏ដោយ តែអ្នកកុំភ្លេចថា នៅក្នុងគ្រប់អង្គប្រជុំរបស់អ្នក គឺមានមនុស្សរបស់គណបក្សប្រជាជន ដែលគេមិនពេញចិត្តចំពោះពួកអ្នក បានបញ្ជូនមក ខ្ញុំចង់សួរអ្នកថា តើអ្នកចង់ប្រែក្លាយខ្លួនទៅជាសត្រូវរបស់គណបក្សប្រជាជនឬក៏យ៉ាងណា»។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅគណបក្សនយោបាយមួយនោះថា បើគណបក្សរបស់ខ្លួន ចង់ឈ្នះឆ្នោត គឺគួរតែឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ ហេតុអ្វីចាំបាច់វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា? សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «អ្នកលក់ទំនិញរបស់អ្នក អួតទំនិញរបស់អ្នកទៅ ចាំបាច់មកវាយប្រហារគណបក្សប្រជាជន ខ្ញុំសូមដាស់តឿនអ្នក បើសិនជាអ្នកបន្តយើងខ្ញុំនឹងប្រើសិទ្ធិការពារខ្លួន ក្នុងករណីចាំបាច់ តាមរយៈផ្លូវច្បាប់ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នក ឲ្យអ្នកបានយល់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?