ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ៖ ចំនួនសត្វស្លាបកម្រនៅ កម្ពុជា មានការកើនឡើង
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ក្រសួងបរិស្ថាន បានប្រកាសពីចំនួនសត្វព្រៃមួយចំនួន និងសត្វត្រយងចង្កំកស នៅក្នុងប្រទេសកម្ពុជា ដែលមានការកើនឡើង។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្រយងចង្កំកស គឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់ នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។
ចំនួនប្រជាសាស្ត្រជាសកល នៃសត្វស្លាបប្រភេទនេះ មានចំនួនប្រហែល ១០០០ ក្បាលតែប៉ុណ្ណោះ។ ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២២ បានកត់ត្រាចំនួន ៧៩២ ក្បាល ស្មើនឹង ៨០% នៃរបាយការណ៍លើពិភពលោក។
ក្រសួងបរិស្ថាន បានបន្តថា សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍។ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញប្រភេទសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើត នៃប្រទេសកម្ពុជា និងចំនួនរបាយផ្សេងទៀត ត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង។ សត្វត្រយងចង្កំកស ត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។

នៅក្នុងឆ្នាំ ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងក្រុមអង្គការអភិរក្ស បានរួមគ្នាចាប់ផ្ដើម អង្កេតតាមដានចំនួនសត្វត្រយងចង្កំកស នៅប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។ ការរាប់នេះ ត្រូវបានធ្វើឡើងជារៀងរាល់ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួនពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួនពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។ ការធ្វើបែបនេះជាការប៉ាន់ប្រមាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រ នៃប្រភេទសត្វនេះ។
បន្ថែមនោះ ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣ ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន ៥៣១ ក្បាល ក្នុងឆ្នាំ ២០១៨ គឺមានការថយចុះប្រមាណ ៤៧%។

ក្នុងកំឡុងពេល នៃការថយចុះនេះ ប្រទេសកម្ពុជា បានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។ ការបាត់បង់ទីជម្រក គួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះ នៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។
នៅឆ្នាំ ២០២២ ជាឆ្នាំទី ៤ ដែលបានបង្ហាញពីចំនួន នៃការធ្វើជំរឿន បានកត់ត្រាទិន្នន័យខ្ពស់បន្តបន្ទាប់គ្នា។ លទ្ធផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។

ក្រសួងបរិស្ថាន បន្ថែមទៀតថា ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ ក្បាល)។ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។ ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា (CIWG) ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។
ចំពោះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួន ក្នុងនោះមានសត្វត្រយងកង្កំកសផងដែរ។ នេះបង្ហាញពីប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើង នៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្ដូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។
ក្រសួងបរិស្ថាន និងដៃគូទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្ដល់ជម្រកសុវត្ថិភាពដល់សត្វព្រៃតាមរយៈការអនុវត្តច្បាប់ ការបង្កើត សេដ្ឋកិច្ចមូលដ្ឋាន និងការធ្វើយុទ្ធនាការផ្សេងៗ ដើម្បីផ្លាស់ប្ដូរឥរិយាបថសាធារណជន។
ក្រសួងបរិស្ថាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ»។
ចំណែកឯលោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះកំណើន នៃចំនួនសត្វត្រយងចង្កំកសក្នុងប្រទេសកម្ពុជា។
លោកថា នេះជាលទ្ធផលវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។ សត្វត្រយងចង្កំកស ចំនួន ៣២៦ ក្បាល ព្រមទាំងទ្រនំរបស់ពួកវា ១៧ កន្លែង ត្រូវបានកត់ត្រាថា ឃើញមាននៅដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នាខេត្តក្រចេះ ដែលចំនួននេះបានកើនឡើង ២៩% ក្នុងឆ្នាំ ២០២២ ធៀបនឹងចំនួន ២៥២ ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១។
លោកបន្តថា «អង្គការWWF មានសេចក្ដីសោមនស្សរីករាយ និងសូមអបអរសាទរចំពោះលទ្ធផលវិជ្ជមាន នៃជំរឿនសត្វត្រយ៉ងចង្កំកសក្នុងឆ្នាំនេះ។ សូមអរគុណដល់ក្រសួងបរិស្ថាន សមាជិកទាំងអស់ នៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វកម្រ។ ក្នុងនាមជាសមាជិក នៃក្រុមការងារអភិរក្សសត្វត្រយ៉ងចង្កំកសកម្ពុជា អង្គការWWF ប្ដេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយអាជ្ញាធរដែលមានទំនួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ រួមនឹងសហគមន៍មូលដ្ឋានការពារសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ តាមរយៈការគាំទ្រការអនុវត្តច្បាប់ក្នុងការការពារទីជម្រក ក៏ដូចជាយន្តការការពារសំបុកដោយសហគមន៍មូលដ្ឋាន។
អង្គការWWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពអភិរក្សរួម ដើម្បីធ្វើយ៉ាងណាអាចឲ្យសត្វស្លាបដ៏កម្រនេះរស់រានកាន់តែប្រសើរនាថ្ងៃអនាគត»។
លោក Jonathan Charles Eames OBE, ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd. បានមានប្រសាសន៍ដែរថា «នៅក្រុមហ៊ុន Rising Phoenix បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង មិនត្រឹមតែរាប់ចំនួនសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការដើម្បីការពារទីជម្រកសត្វដ៏ធំបំផុតដែលស្ថិតនៅខាងក្រៅ ដែនជម្រកសត្វព្រៃសៀមប៉ាង។ ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែង និងលះបង់ពេលវេលា ក្នុងការការពារធនធានដ៏សំខាន់នេះ ដោយធ្វើការស្វែងរក និងតាមដានសំបុកសត្វត្រយងចង្កំកស ដែលបានរកឃើញសំបុកប្រមាណ ៤៥ សំបុក ក្នុងមួយឆ្នាំ»។
លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា គាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ធផលជំរឿនក្នុងឆ្នាំ ២០២២ នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា។ យើងមានសេចក្ដីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រុមការងារអភិរក្សនេះ ដើម្បីរៀបចំ និងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងកម្ពុជាកុំឲ្យផុតពូជ»៕
អត្ថបទ ៖ ពិសី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ