ព័ត៌មានជាតិ
វិវឌ្ឍន៍បន្ថែមជុំវិញគម្រោងស្ថាបនាផ្លូវល្បឿនលឿនទៅបាវិត
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ពីដំណើរវិវឌ្ឍនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនទៅបាវិត ដែលគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជាទៅប្រទេសចិន។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/323286452_925908435071469_4643983959129834976_n-1024x683.jpg)
ក្នុងជំនួបជាមួយប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) កាលពីម្សិលមិញនេះ លោករដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានសិក្សានិងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយនេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
ដោយឡែកទាក់ទងការពង្រឹងនិងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា លោករដ្ឋមន្រ្តីក៏បញ្ជាក់ដល់ប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដែលដឹកនាំដោយលោកបណ្ឌិត ឆឹម ចំណាន ថាក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/322479782_1208809566400517_5976264348289774619_n-1024x683.jpg)
ជាមួយគ្នានេះ ក្រសួងក៏កំពុងជំរុញការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនថ្មីមួយទៀតពីភ្នំពេញ-សៀមរាប និងការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹកដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះសម្រេចនឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
ឆ្លើយតបសំណូមពររបស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ក្នុងជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងដោយសហការជាមួយវិស័យឯកជន កំពុងសិក្សាលើគម្រោងរៀបចំចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការចរាចរណ៍រថយន្តក្រុងធំៗចូលក្នុងទីក្រុង ដែលជាហេតុនាំឱ្យមានការកកស្ទះ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីក៏សំណូមពរដល់សមាគមគាំទ្រនិងចូលរួមជំរុញឱ្យប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឱ្យបានច្រើន និងជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានច្រើនក្នុងវិស័យដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការអព្យាក្រិត្យកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ខណៈក្រសួងក៏បានដាក់ផែនការក្នុងការពង្រាយទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត